​ព្រៃវែង ៖ ឯកឧត្តម ស សុខា ប្រធាន​គណៈកម្មាធិការ​ផលិត​ទូកង​វែង​ជាងគេ​លើ​ពិភពលោក បានបញ្ជាក់​កាលពីពេល​កន្លងទៅ​ថា កម្មវិធី​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក ដែល​ធ្វើ​ពី​ឈើ​គគីរ​នៅ​ខេត្តព្រៃវែង បាន​ឈានដល់​ទីបញ្ចប់ ដោយ​ទូក​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល អុំ​សាកល្បង តុបតែង និង​បាញ់​ពណ៌ មុននឹង​ដាក់ជូន ក្រុមការងារ Guinness World Records ពិនិត្យ និង​វាយ​តំលៃ នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​នេះហើយ​។​

​ក្នុងនោះ​គណៈកម្មការ​ផលិត​ទូកង ដើម្បី​ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​បានបញ្ជាក់​ផងដែរ​ថា ទូក ង ដែលមាន​ប្រវែង​វែង​ជាងគេ​នៅលើ​ពិភពលោក ផលិតឡើង​បានបញ្ចប់​ជា​ស្ថាពរ និង​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​មានន័យថា ទូក ង របស់​កូន​ខ្មែរ រស់នៅក្នុង​ដែនដី​កម្ពុជា​។ គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូកង​នេះ គឺ​ចង់​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំងពី​សម័យបុរាណ ជាពិសេស​រំលឹក​ឡើងវិញ​នូវ​ស្នា​ព្រះហស្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ គ្រប់​ជំនាន់​ក្នុងការ​ប្រើប្រាស់​ទូក​ជា​មធ្យោបាយ​មួយ​ក្នុងការ​ការពារ​ទឹកដី​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ​។​