ភ្នំពេញ ៖ លោក Scott Neeson ដែលពលរដ្ឋខ្មែរបានស្គាល់ថាជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឲ្យមានឱកាសបានទទួលការអប់រំ ដូចក្មេងដទៃទៀតនោះ ស្រាប់តែកំឡុងពេលដែលពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងជួបជុំគ្នាដើម្បីសម្រាកពិធីបុណ្យភ្ជុំបិណ្ឌនោះលោកបានរំលេចខ្លួនលើទឹកដីសហរដ្ឋអាមេរិកដើម្បីស្វែងរកមូលនិធិមកបន្តជួយកុមារកម្ពុជាព្រមដោយបានបង្ហាញរូបថតកាន់ទង់ជាតិកម្ពុជានៅទីនោះផងដែរ។
បង្ហាញដោយរូបភាពក្នុងដៃមានទង់ជាតិខ្មែររំលេចដោយពណ៌ក្រហមឆ្អៅបុរសទទួលបានសញ្ជាតិខ្មែរតាំងពីឆ្នាំ២០១៥រូបនេះបានភ្ជាប់ដោយសារគួរឲ្យគោរពថា «ក្នុងពេលដែលអ្នករីករាយនឹងបុណ្យភ្ជុំបិណ្ឌ ខ្ញុំកំពុងស្ថិតនៅសហរដ្ឋអាមេរិករយៈពេល 3 សបា្ដហ៍ដើម្បីស្វែងរកមូលនិធិសម្រាប់ CCF (Cambodian Children’s Fund) ។ ឥឡូវនេះខ្ញុំនៅញូវយ៉ក និងនៅចំកណ្តាលហ្វូងមនុស្សនាទីលាន Times ។ ដូច្នេះតើអ្នកទាំងអស់គ្នាអាចមើលឃើញខ្ញុំចេញពីហ្វូងមនុស្សបានទេ? ខ្ញុំបានធ្វើរឿងនេះបន្តិចបន្តួច ប៉ុន្តែនៅចំណុចបន្តទៀត អាចជាការពិបាកជាងនេះ»។
ខណៈក្រោយឃើញពីរូបភាពឈរកាន់ទង់ជាតិខ្មែរលើដីអាមេរិកដោយស្វាហាប់បែបនេះដែលហាក់បង្ហាញការស្រលាញ់ស្ម័គ្រស្មោះចំពោះកម្ពុជាក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនធ្វើការកោតសរសើរពីភាពលះបង់ដ៏ធំធេងរបស់លោក ក្នុងនោះម្ចាស់គណនីមួយក៏បានខមិនដោយភាពកោតក្រែងចំពោះវីរភាព Scott Neeson ថា «ខ្ញុំពិតជាបានឃើញរូបភាពរបស់លោករួមដោយទង់ជាតិរបស់ពួកយើង ខ្ញុំពិតជាស្រលាញ់ និងអរគុណចំពោះគ្រប់យ៉ាងដែលលោកបានផ្តល់មកកាន់ពួកយើង លោកពិតជាវីរបុរសពិតមែន ពិសេសសម្រាប់កុមារកម្ពុជា»។
