ភ្នំពេញ ៖ ជំងឺពងបែកមួយប្រភេទបានកើតឡើងដោយសារបាក់តេរី impetigo គឺជាការឆ្លងរោគនៅលើស្បែក បាក់តេរីទាំងនេះអាចឆ្លងចូលក្នុងស្បែករបស់យើងបានដើម្បីបង្ករោគ នៅពេលដែលស្បែកយើងមានរបួស មានសត្វខាំ ឬពេលដែលស្បែកមានការដាច់រលាត់ដោយប្រការណាមួយហើយបាក់តេរី impetigo នេះច្រើនកើតលើក្មេងអាយុពី ២ទៅ៥ឆ្នាំ ប៉ុន្តែក៏មានករណីកើតលើមនុស្សធំដែរ។
រោគសញ្ញាដែលបងប្អូនគួរតាមដានចំពោះកូនៗលើជំងឺពងបែកដោយសារបាក់តេរី (impetigo) នេះរួមមានដំបូងចេញជាកន្តួលក្រហម នៅលើស្បែកវាកើតលើជើង ដៃ និងមុខ បន្ទាប់មកកន្តួលនេះក្លាយទៅជាពងបែក ស្រដៀងនឹងពងបែក ពេលរលាកភ្លើងចុងក្រោយវាបែកឃើញប្រែក្លាយជាដំបៅក្លាយ ឬក្រម៉ជួនកាលអាចធ្វើអោយឈឺផងដែរ។ ករណីស្រាលមិនមានក្តៅខ្លួនទេ តែបើមានក្តៅខ្លួនខ្លាំង ឈឺហើម និង លែងចង់ញ៉ាំបាយចំណី ជាករណីធ្ងន់ធ្ងរ ត្រូវឆាប់យកកូនទៅជួបពេទ្យ។
រីឯការព្យាបាលអាស្រ័យទៅលើទំហំនៃការចេញពងបែកបើចេញតិចតួចអាចប្រើថ្នាំផ្សះជាក្រែមលាបបាន តែបើចេញច្រើនអាចត្រូវលេបថ្នាំផ្សះ និងប្រើថ្នាំលាប ហើយបើករណីធ្ងន់ធ្ងរ ត្រូវជួបគ្រូពេទ្យ ដើម្បីឲ្យពេទ្យចាក់ថ្នាំផ្សះតាមសរសៃ និងធ្វើការតាមដាន ចំពោះវិធីការពារគឺការមានអនាម័យខ្ពស់សម្រាប់ក្មេងៗ។
