ភ្នំពេញ៖ មហាជនមួយចំនួនប្រាកដជាដឹងហើយថាឱកាសភ្ជុំបិណ្ឌកន្លងទៅនេះមានប្រជាជនខ្មែរច្រើនបាននាំគ្រួសារទៅធ្វើបុណ្យនៅតាមវត្តអារាមនានា ដែលមានទាំងចង្ហាន់ និងភេសជ្ជគ្រប់ប្រភេទទោប្រគេនព្រះសង្ឃ។ ទន្ទឹមមានការធ្វើបុណ្យច្រើនពីពុទ្ធបរិស័ទ្ធនោះព្រះសង្ឃគង់ក្នុងវត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោក ក្នុងខ័ណ្ឌ ឫស្សីកែវ ក៏បានរៀបចំសំភារៈប្រើប្រាស់មាន ម៉ុង កន្ទេល ភួយ ខ្នើយ គ្រឿងបរិភោគនិងបច្ច័យមួយចំនួន សំរាប់យកទៅចែកដល់អ្នកធាក់ស៊ីក្លូរមានការលំបាកខ្វះខាត ជាង​100នាក់។
ខណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុកព្រះតេជគុណព្រះនាម ព្រះគ្រូ រតនវិរបញ្ញោ ស៊ុំរដ្ឋា បានបង្ហោះរូបភាពក្នុងសកម្មភាពព្រះសង្ឃជាច្រើនអង្គកំពុងរៀបចំអំណោយជាកញ្ចប់រួចជាស្រេចសម្រាប់ធ្វើទានបន្តអមជាមួយពា​ក្យពេ​​ចន៍លើកឡើងថា«ដឹកនាំដោយព្រះចៅអធិការវត្ត ព្រះអង្គគ្រូ ខេន សុខនៅ ហៅព្រះអង្គ វណ្ណា និង ព្រះ​អង្គគ្រូ ភិន ធីតា ព្រមទាំងសហការចូលរួមដោយព្រះសង្ឃគ្រប់អង្គដែលគង់នៅក្នុងវត្តទាំងអស់។ជួយ Shear និង Like ដើម្បីលើកទឹកចិត្តដល់វត្តនានាដែលមានលទ្ធភាពមេត្តាជួយដល់សង្គមរួមចំណែកផ្នែកមនុស្សធម៌អោយច្រើនទូរទាំងប្រទេស។កម្មវិធីចែក ថ្ងៃអាទិត្យ ទី14ខែតុលានេះ វេលាម៉ោង7យប់ នៅម្តុំថ្មដា ។ អរព្រះគុណនិងអរគុណ»។