ភ្នំពេញ៖ ជនរងគ្រោះវ័យ ២៩ឆ្នាំ ទឿង សុផល មានរបរជាអ្នកជួសជុលម៉ូតូ ស្វែងរកយុត្តិធម៌នៅមូលដ្ឋានពុំបានសោះ សម្រេចរត់ទៅដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានស្នើសុំឲ្យសម្តេច ជួយរកយុត្តិធម៌ ព្រោះតែបុរសខាងលើត្រូវបានលោក ជា ឆ្លូញ អធិការស្រុកស្វាយចេក បញ្ជាឲ្យកូនចៅ ឲ្យចាប់ខ្លួនយកទៅវាយដំ ធ្វើទារុណកម្មតាមអំពើចិត្ត ដោយពុំបានសាកសួរពីអង្គហេតុដែលកើតឡើងពិតប្រាកដ។
ជនរងគ្រោះរស់នៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងពីដើមហេតុក្នុងលិខិតថា «កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក Chevrolet បើកបរដោយបុរសជនជាតិថៃ ក្រោមស្ថានភាពស្រវឹងស្រា ធ្លាក់ចូលស្រះទឹក រួចថយទៅបុកជន្ទុលទ្វារផ្ទះពលរដ្ឋ ជាផ្ទះបងថ្លៃជនរងគ្រោះ ដែលពេលឃើញបែបនោះជនរងគ្រោះ ដោយសារចេះភាសារថៃ បានទៅនិយាយជាមួយ តៃកុងឡានបង្ក កុំឲ្យបើកទៀត ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ដោយសារតែឃាត់ជនបង្កមិនស្តាប់ជនរងគ្រោះ បានយកទូរស័ព្ទថតជនជាតិថៃ ជាតៃកុងរថយន្ត និងរថយន្តទុក ទើបតៃកុងរថយន្ត ខឹងដេញវាយជនរងគ្រោះ និងដណ្តើមយកទូរស័ព្ទ ហើយជនជាតិថៃក៏ដើរដួលខ្លួនឯង ខឹងសម្បា ហៅគ្នីគ្នា២នាក់ទៀត ដែលស្រវឹងស្រំជោគជាមដែរ មកវាយលើម្ចាស់ផ្ទះ ដែលពួកគេថយឡានបុករហូតបែកមាត់ហូរឈាម»។
ព្រោះខ្លាចមានរឿងធំជនរងគ្រោះឈ្មោះ ទឿង សុផល សុំទៅអាជ្ញាធរឲ្យជួយអន្តរាគមន៍ដែរ តែជនជាតិថៃបើកឡានដល់ផ្ទះមេភូមិមុន និងស្រែកឡូឡាឲ្យយម្ចាស់ផ្ទះ ដែលគេថយឡានបុក សងថ្លៃកំពិតក្បាលឡាន និងថ្លៃរបួស ដែលគេដើរដួលខ្លួនឯង ព្រោះស្រវឹង គិតជាទឹកប្រាក់ចំនួន ៥០០០បាត។ តែជនរងគ្រោះមិនព្រមសង ទើបនគរបាលស្រុកស្វាយចេក មកចាប់ខ្លូនដាក់ខ្នោះដៃទៅក្រោយ វាយដំ ធ្វើទារុណកម្ម តាមអំពើចិត្ត ញាត់ចូលឡានដឹកយកទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។ ជនរងគ្រោះ ថា «ពេលទៅដល់អធិការនគរបាលស្រុកស្វាយចេក នគរបាលបានដាក់ខ្នោះជើង និងធ្វើទារុណកម្មវាយដំបន្ថែមលើរូបគេតាមអំពើចិត្ត ដោយមិនខ្លាចក្រែងអ្វីឡើយ»។
