ចិន ៖ ប៉ុន្មានថ្ងៃមកនេះមហាជនមានការភ្ញាក់ផ្អើលខ្លាំងព្រមដោយការភ័យខ្លាចមិនស្ទើរឡើយក្រោយធ្លាយដំណឹងចេញពីប្រទេសចិនថាមានប្រភេទសត្វល្អិតម្យ៉ាងឈ្មោះ The Triatomine Bug ជាសត្វល្អិតដែលពូកែថើប (The Kissing Bug) ហើយភាគច្រើនវាខាំលើផ្ទៃមុខមនុស្សអាចបង្កើតជាជំងឺម្យ៉ាងឈ្មោះថា Chagas ដែលត្រូវគេដឹងថាជា «ជំងឺអេដស៍ប្រភេទថ្មី» ដោយសារសត្វនេះមានផ្ទុកជាតិ Trypanosoma Cruzi ហើយមជ្ឈដ្ឋានក៏បានបង្ហាញការព្រួយបារម្ភ និងចង់បានពីវិធីការពារផងដែរ។
ស្របពេលមានការភ័យខ្លាចយ៉ាងដូច្នេះ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងក្នុងខេត្ត Guangdong របស់ប្រទេសចិន ក៏បានធ្វើការអំពាវនាវឲ្យពលរដ្ឋចាប់សត្វល្អិត The Kissing Bug នេះ និងរាយការណ៍មកមជ្ឈមណ្ឌលជាបន្ទាន់ ដើម្បីអាចបញ្ជាក់ថាសត្វដែលពលរដ្ឋយកមកនោះពិតជា The Kissing Bug ហើយពួកគេនឹងទទួលបានរង្វាន់ជាទឹកប្រាក់ ៨ Yuan (១,២ ដុល្លារសហរដ្ឋអាមេរិក) ក្នុងសត្វល្អិតមួយក្បាល ហើយបានការប្រឹក្សាសុខភាពដោយឥតគិតថ្លៃទៀតផង។
យ៉ាងណាមិញជុំវិញការប្រកាសដ៏ក្តៅគគុកឲ្យមានការចាប់សត្វល្អិត The Kissing Bug នេះគឺដើម្បីយកមកពិនិត្យថា តើសត្វនេះមានផ្ទុកវីរុស ឬអត់ប៉ុណ្ណោះ។ ក្នុងនោះមជ្ឈមណ្ឌលដ៏ធំរបស់ចិនមួយនេះក៏បានរៀបរាប់ពីអាការរបស់អ្នកឆ្លងជំងឺដោយសារសត្វនេះមានដូចជា ក្ដៅខ្លួន ល្ហិតល្ហៃ ឈឺខ្លួន ឈឺក្បាល និងកន្ទួលជាដើម។ ជំងឺនេះ នឹងបន្តរាប់ទសវត្សទៅមុខទៀត ហើយចុងក្រោយវាអាចបណ្ដាលអ្នកជំងឺមានបញ្ហាបេះដូង និងបញ្ហាពោះវៀនតូច ជំងឺនេះមានអាយុយូរអង្វែងហើយអាចឆ្លងតាមឈាម និងឆ្លងពីម្ដាយទៅទារកដូចគ្នា។
