ភ្នំពេញ ៖ រំពេចលេចចេញនូវអត្ថបទមួយបង្ហាញពីគូស្នេហ៍មួយគូសម្រេចចិត្តយកការសែនព្រេនជំនួសឲ្យមង្គលការផ្អើលអស់អ្នកផងនោះ និងបានលើកថា សែនហើយសល់ផ្ទះ១ខ្នង សល់ឡានជិះហើយសល់ដើមរកស៊ី និងការហើយសល់បំណុលជុំខ្លួន យកមួយណា? ប៉ុន្តែបើមើលទៅទិដ្ឋភាពនេះវាហាក់បានផ្ទុយពីប្រពៃណីខ្មែរយើងដោយត្រូវឆ្លងកាត់អាពាហ៍ពិពាហ៍ក្រាបផ្ទឹមសុំពរពីមេបា។ ខណៈឃើញពីភាពងាយស្រួល និងគិតថាអាចសល់ទ្រព្យផងនោះតារាសម្តែងស្រីល្បីឈ្មោះនាង ឌុច លីដា ក៏បានបង្ហាញចំណាប់អារម្មណ៍នាងភ្លាមៗដោយមិនចង់រៀបការដែរថា «យកសែនហើយចុះ អេតាស៊ីវិល ចាំមានគ្រប់យ៉ាងហើយចាំការតាមក្រោយក៏បាន»។
ក្រោយឃើញតារាស្រីឌុច លីដាបានពោលឡើងហាក់ចង់ប្រាសចាកទំនៀមទម្លាប់ខ្មែរ ស្រាប់តែផ្ទុះការលើកឡើងថា «ចង់លេងស្ទីលអាគាំងមែនទេ?»។ ជាមួយគ្នានេះដើម្បីឲ្យផុតពីមាត់ញាតិ និងអ្នកគាំទ្រថានាងចង់ចម្លងយកប្រពៃណីអឺរ៉ុបដោយពុំបាច់រៀបការយ៉ាងនេះ តារាសម្តែងបានច្រមុះរូបស្រស់បានបញ្ជាក់យ៉ាងខ្លីបញ្ចប់សេចក្តីភ្លាមដែរថា «សំខាន់ខ្ញុំអត់ចង់យកប្តីទេ»។
