ភ្នំពេញ៖ បេក្ខនារីកម្ពុជាដែលចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងបវរកញ្ញាអន្តរជាតិ ឬហៅថា Miss Grand International នឹងត្រូវបញ្ចប់ការបោះឆ្នោតតាមហ្វេសប៊ុកនាវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ហើយ ប៉ុន្តែចំនួន Share លើរូបភាពរបស់បេក្ខនារីបវរកញ្ញាវៀតណាម កំពុងកើនឡើងដល់ជាង៤លានហើយ ខណៈចំនួន Share លើរូបភាពរបស់បេក្ខនារីបវរកញ្ញាកម្ពុជាបានជាង៣លានប៉ុណ្ណោះ។
ខណៈការបោះឆ្នោតតាមរយៈការ Like និង Share ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវបានគេគិត ១ Like គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ ១ Share ទទួលបានរហូតដល់ទៅ៥ពិន្ទុ។ ទន្ទឹមនឹងឃើញបេក្ខនារីខ្មែរ ឌី លីកា កំពុងបំពេញនាទីយ៉ាងធំសម្រាប់ជាតិលើឆាកអន្តរជាតិហើយទទួលបានការ Share តិចជាងប្រទេសជិតខាងដូច្នេះគេក៏បានឃើញអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាធ្វើការផ្សាយនូវវីដេអូចែករំលែកពីវីធីសាស្រ្តក្នុងការបោះឆ្នោតដើម្បីបានពិន្ទុខ្ពស់យ៉ាងតក់ក្រហល់ ព្រោះនៅសល់តែប៉ុន្មានម៉ោងទៀតនឹងបិទការបោះឆ្នោតហើយ ក្នុងនោះគេក៏បានឃើញគណនីតារាហ្វេសប៊ុក Ah Ry Nuon Peypey Dy និងតារាស្រី ពេជ្រ សោភា ជាដើម។
