ភ្នំពេញ៖ បវរកញ្ញារាងខ្ពស់ស្រលះ វង់ភក្ត្រផូរផង់ គ្រងដោយមកុដ ខ្លឹម ស្រីគា ជាម្ចាស់ជលាភី Miss Grand Cambodia 2017 តំណាង ឲ្យប្រទេសកម្ពុជា បានចូលរួមក្នុងការប្រកួតនៅប្រទេសវៀតណាម កាលពីដើមខែតុលា ថ្មីៗនេះ ។ ទន្ទឹមនឹងភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ កញ្ញា ខ្លឹម ស្រីគា ក៏បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថ្លែងអំណរគុណដល់អ្នកគាំទ្រ បានចូលរួមបោះឆ្នោត រហូតធ្វើឲ្យនាងទទួលបានជោគជ័យ។ បន្ថែមពីនេះ បវរកញ្ញារាងខ្ពស់ស្រលះរូបនេះ ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួនថា “ទោះបីខ្ញុំ លំបាក ខ្លាំងប៉ុនណាក៏ដោយ ខ្ញុំនៅតែមានស្នាមញញឹមជានិច្ច”។

ដោយហេតុនាងមានឆន្ទៈខ្ពស់នេះហើយទើបធ្វើឲ្យនាងជោគជ័យ ខណៈគ្រាដំបូងឡើយមានមតិរិះគន់ពីសំណាក់មហាជនមួយចំនួនថា កញ្ញា ខ្លឹម ស្រីគា មានរូបសម្បត្តិ ពុំស្អាត ពុំទាន់សម័យ ពុំឆ្លាតវ័យ មិនសាកសមចំពោះតំណែងនេះ។

ដោយឡែកនៅពេលនាងចូលរួមប្រកួតពានរង្វាន់ Miss Grand International ក្នុងវគ្គប្រកួត “ឈុតតំណាងជាតិល្អបំផុត” ដែលកញ្ញាបានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” ជាមួយនឹងស្នាមញញឹមពោរពេញដោយភាពជឿជាក់ ធ្វើឲ្យមហាជនដែលធ្លាប់តែរិះគន់ បែរមកជាកោតសរសើរចំពោះសមត្ថភាព Miss Grand កម្ពុជា វិញ ៕