ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះ នៅព្រះបរមរាជវាំង​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បានអញ្ជើញហែរ​ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​ម៉ែ នរោត្ដម មុនី​នាថ សីហនុ ក្នុងពិធីថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្តព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ គម្រប់ខួប៦ឆ្នាំគត់ដែលព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខ័ន្ឋព្រះបរមសព ព្រះករុណាបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕