សៀមរាប៖ មុននេះមានព័ត៌មានមួយអស់សំណើចណាស់ទៅហើយ សម្រាប់មហាជន លើកឡើងចំពោះ អភិបាលខេត្តសៀមរាប បន្ទាប់ពីស្រ្តីចំណាស់ម្នាក់ជិះម៉ូតូក្នុងក្រុងសៀមរាប់ ស្រាប់តែធ្លាក់ជង្ហុក ដក់ទឹកភ្លៀងដួលបោកក្បាល់នឹងថ្នល់បែកមួក ហើយដោយឈឺចាប់រាងកាយដោយសារផ្លូវមិនល្អ ក៏ទួញពាក្យមិនសប្បាយចិត្តឲ្យលោកអភិបាលបើកភ្នែកមើលផ្លូវក្រុងទេសចរបេះដូងរបស់កម្ពុជានេះផង។
ពើបសារជូនអភិបាលខេត្តពីស្រ្តីចំណាស់ជិះម៉ូតូដួលខ្លួនឯងនោះ ក្នុងបណ្តាញសង្គមឃើញមានការជជែកជាច្រើន បង្ហាញការគាំទ្រមតិស្រ្តី រិះគន់អភិបាលខេត្តសៀមរាបចំៗ រឿងផ្លូវថ្នល់ខូចមិនអើពើជួសជុល។
ដោយឡែកថ្ងៃទី១៦ខែតុលានេះ លើគណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ ក៏បានបង្ហោះសារភ្ជាប់ដោយរូប លោកអភិបាលខេត្តសៀបរាបចំនួនពីរសន្លឹក ក្នុងឯកសណ្ឋាន មន្ត្រីជាន់ខ្ពស់ ។
ដោយលើកឡើងបែបចំអកនឹងការស្លៀកពាក់មហាសមរម្យនោះថា«ឯកឧត្ដម ជា អភិបាលខេត្តសៀមរាប ចេះចង់ស្លៀកពាក់ស្អាតបាតគួរឲ្យស្រលាញ់ តែផ្លូវក្នុងខេត្តដែលឯកឧត្ដមគ្រប់គ្រងមិនស្អាតដូចខោអាវឯកឧត្ដមស្លៀកពាក់សោះ ឯកឧត្ដម គួរស្ដាប់មតិរាស្ត្រផង រាស្ត្រខេត្តសៀមរាប ស្នើសុំឲ្យឯកឧត្ដម ជួសជុលផ្លូវក្នុងខេត្តឲ្យពួកគាត់បានធ្វើដំណើរស្រួលផង»។ ឃ្លាចុងក្រោយរបស់លោក ផែង វណ្ណះ បានបញ្ជាក់ថា«សង្ឃឹម ឯកឧត្ដម នឹងប្រឹងប្រែងជួសជុលផ្លូវក្នុងខេត្តសៀមរាបឲ្យបានស្អាតដូចសណ្ឋាគារឯកឧត្ដម និង ខោអាវ ឯកឧត្ដម ដែរជាក់ជាពុំខាន»។