ភ្នំពេញ៖ តារាសម្តែងប្រែប្រាណជាអ្នកចម្រៀង បេប៊ី មានយីអ៊ុនខ្ពស់ហួសស្មានចូលសិល្បៈមិនទាន់បានប៉ុន្មានផង ជិះសុទ្ធឡានទំនើបៗលុយចាយពេញៗដៃ ល្បីថានាងមានទំនាក់ទំនងជាក្រៅឆាកជាមួយមន្ត្រីធំមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែនាងចេញមុខបដិសេធថា «មិនមែនជាការពិតទេ ខ្ញុំរកសង្សារតែ១គ្រាប់ អត់បានផងហ្នឹង»។
បេប៊ី ដែលមានឈ្មោះដើម ជុំ រចនាពេជ្រ វាចាយ៉ាងស្រទន់ថា «អ្នកខ្លះថា យើងហ្នឹងមិនហ៊ានបណ្តើរសង្សារអីដូចគេទេ តែតាមពិតចង់បង្ហាញដែរ តែអត់អ៊ីចឹងទៅបណ្តើរអ្នកណា? ខ្ញុំធ្លាប់និយាយហើយថា អត់ចង់យកសង្សារអី នាំតែរញ៉េរញ៉ៃជាប់ដៃជាប់ជើងទេ បើយកគឺយកប្តីតែម្តង»។ ទន្ទឹមនឹងការប្រកាសថាគ្មានសង្សារ បេប៊ី ក៏លួចបង្ហើបចុងគ្រាថា «សព្វថ្ងៃមានគេស្រលាញ់» តែមិនទាន់ទម្លាយថា អ្នកណាទេ ដោយនាងឲ្យរង់ចាំថ្ងៃចូលរោងការដឹងហើយ។
