ភ្នំពេញ៖ តារាចម្រៀងបរាជ័យលើកពាន The Voice រដូវកាលទី២ ឃី សុឃុន ក្លាយជាតារាចម្រៀងកុងត្រាហង្សមាសរួមម្ចាស់ពាន ថែល ថៃ ដែរ ដែលដំបូងអ្នកទាំង ២ មានវាសនាប្រហាក់ប្រហែលគ្នា ដោយ ឃី សុឃុន បានបង្កព្យុះភ្លៀងបទ «ធ្វើម្តេចយើងក្រ» កក្រើកក្នុងទ្រទាប់មិត្តយុវវ័យក្នុងរយៈពេលខ្លី ដោយលោកសង្ឃឹមថា បទថ្មីបន្តទៀតនឹងរុញច្រានលោកឆក់ឱកាសទីផ្សារសិល្បៈកាន់តែធំឡើងៗ។
ការសង្ឃឹមមាំរបស់តារាចម្រៀងមានកំណើតខេត្តកំពង់ធំ ឃី សុឃុន មិនទាន់ឈានដល់ចំណុចដែលលោកប្រាថ្នានោះទេ ហើយបទចម្រៀងថ្មីចេញជាបន្តបន្ទាប់ ក៏មិនទាន់មានបទណាល្បីស្មើបទ «ធ្វើម្តេចយើងក្រ» ដែរ តួយ៉ាងបទ «ថែអូនទុកជូនអ្នកថ្មី» ដែលទើបចេញ MV ក្តៅៗ កាលពីម្សិលមិញ មានអ្នកចូលទស្សនាត្រឹមតែជាង ៣ម៉ឺននាក់ប៉ុណ្ណោះ ក្នុងឆាណែលដ៏ធំរបស់ហង្សមាស។ សន្ទុះតារា The Voice រដូវកាលទី២ គេសង្កេតឃើញថា រ៉េត ស៊ូហ្សាណា អតីតកូនក្រុម ឱក សុគន្ធកញ្ញា ធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានការគាំទ្រសន្ធឹកសន្ធាប់ជាងគេ ពោលគឺលើសម្ចាស់ពាន ថែល ថៃ ទៅទៀត។
សូមទស្សនាវីដេអូ!!
