ភ្នំពេញ ៖ បណ្តាអ្នកគាំទ្រវិស័យកីឡាប្រដាល់បានចាំពីការប្រកួតដែលទើបតែបញ្ចប់ក្តៅៗរវាងអ្នកប្រដាល់ចិត្តសឿង កែវ រំចង់ និងអ្នកប្រដាល់ឆ្លងដែនថៃ Dabmorn Phumpanmuang ខណៈការប្រកួតបានបង្កើនកម្តៅសាច់ដុំដាក់គ្នាធ្វើឲ្យអ្នកទស្សនាផ្ទាល់អង្គុយលែងជាប់កៅអីស្រាប់តែទឹកទី៤ អ្នកប្រដាល់ដើមកំណើតពីខេត្តបាត់ដំបង កែវ រំចង់ បានដួលសន្លប់លែងដឹងខ្លួននឹងត្រូវអាជ្ញាកណ្តាលលើកដៃបង្ហាញសញ្ញាបញ្ឈប់ការប្រកួតក្រោយពី កែវ រំចង់ ក៏ទទួលបានការរាប់ចំនួន២ដងមកហើយរបស់អាជ្ញាកណ្តាលលោក ធន់ សុភា ។
ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកស្នេហាវិស័យកីឡាប្រដាល់ «គុនខ្មែរ» មានការភ្ញាក់ផ្អើលនោះគឺក្រោយពេលអាជ្ញាកណ្តាលសម្រេចបញ្ឈប់ កែវ រំចង់ ស្រាប់តែមានដបទឹកបរិសុទ្ធបានហោះឆ្លងវេហារមកកាន់សង្វៀនគួរឲ្យភ្ញាក់ផ្អើល ស្របពេលមជ្ឈដ្ឋានសន្និដ្ឋានថាជាការខឹងសម្បាររបស់អ្នកទស្សនាផ្ទាល់ក្រោយពីមើលឃើញការប្រកួតខុសលក្ខខណ្ឌរបស់កីឡាករថៃ ដោយវាយកែងមួយទំហឹងចំពីក្រោយទើបបណ្តាលឲ្យ កែវ រំចង់ សន្លប់យ៉ាងស្អាតបែបនេះ។ ទន្ទឹមមានការលើកឡើងពីហេតុផលមួយនេះស្រាប់តែមានសារព័ត៌មានក្នុងស្រុកមួយបានបង្ហើបឲ្យដឹងតាមរយៈវីដេអូ និងសំណេរខ្លីថា «តាមពិតដើមចមដែលធ្វើអោយអ្នកទស្សនាផ្ទាល់នៅសង្វៀនខារ៉ាបាវគប់ដបទឹកទឹកសុទ្ធទៅសង្វៀនគឺដោយសារគ្រូបង្វឹកថៃ ដែលឡើងអាវ៉ង់ឌឺដងនៅពេលអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតរបស់ កែវ រំចង់» ។
