ភ្នំពេញ៖ តារាចម្រៀងវ័យ ២០ឆ្នាំស្តើងនាយ ចឺម មានឱកាសខ្ពស់ស្ទើរតែសាន់ដេលើកឲ្យក្លាយជាតារាចម្រៀងកំពូលជំនួស ខេមរៈ សិរីមន្ត ដែលវេសសំពាយចូលហង្សមាសទៅហើយ ដោយគ្រោងឲ្យតារាកំណើតខេត្តកំពង់ស្ពឺរូបនេះ ចាប់ដៃគូជាមួយតារាស្រី សុខ ពិសី តែពេលមើលចុះមើលឡើងហាក់មិនសូវសមក៏សម្រេចចិត្តឲ្យ ឆាយ វីរៈយុទ្ធ ជំនួសតំណែង ខេមរៈ សិរីមន្ត វិញ ដែលទន្ទឹមនោះ នាយ ចឺម ក៏បានចេញបទ «លលកវាយំ» ច្រៀងរួម ពិសី កក្រើកអស់មួយគ្រាផងដែរ។
ទោះជាតារាចម្រៀងទាំង ២ ដួងមានអនុស្សាវរីយ៍លើឆាក និងក្រៅឆាកជាច្រើន ប៉ុន្តែចំពោះ សុខ ពិសី ដែលជាមនុស្សហ្មត់ចត់និងច្បាស់លាស់នឹងការងារនោះ នាយ ចឺម មិនហ៊ានលូកលាន់ ឬ ប៉ះដៃប៉ះជើង ដូចតារាសម្តែងស្រីមួយចំនួនឡើយ ពោលគឺលោកហ៊ានត្រឹមតែពោលវាចាតែប៉ុណ្ណោះ ហើយ ពិសី ធ្លាប់លាន់មាត់ថា «ខ្ញុំចូលចិត្តគាត់ គាត់ចូលចិត្តលេងច្រើនបន្តិច»។ ដោយសាររឿងទាំងអស់នោះហើយបានជានាយ ចឺម កាលពីល្ងាចមិញអង្គុយមិនស្រណុកក្នុងខ្លួនក៏ទម្លាយរូបរួម សុខ ពិសី លើបណ្តាញសង្គមហ្វេសប៊ុក លាយឡំជាមួយអារម្មណ៍ពិតក្នុងសំណេរថា «រូបកាលទៅច្រៀងនៅ ប្រទេសកូរ៉េកាលពីឆ្នាំមុននៅមានច្រើនទៀត តែធ្វើមិចបើផុសម្ដងបាន តែប៉ុណ្ណឹង»។
