ភ្នំពេញ៖ ក្រោយពីការស្ងប់ស្ងាត់បាត់មុខពីសាន់ដេ តារាចម្រៀង ប៊ុន​ ស័ក្តិ បានប្រកាសកាលពីឆ្នាំ២០១៧ថា លោកបានបញ្ចប់កុងត្រាជាមួយសាន់ដេហើយ ដោយត្រៀមប្រាណ​ចូលផលិតកម្មថ្មី ដែលលោកមិនទាន់ទម្លាយ​ថាផលិតកម្មឈ្មោះអ្វីទេ គ្រាន់តែបង្ហើបឲ្យដឹងថា មិនសូវធំដូចសាន់ដេឡើយ។ តែតាំងពីប្រកាសអំឡុងខែមេសា ឆ្នាំ​២០១៧​មក តារាម្ចាស់បទ «ជិះក្របី» ល្បីកក្រើកក្នុងទ្រនំ SSB ប៊ុន ស័ក្តិ ហាក់មិនចេញចម្រៀងថ្មីក្នុងផលិត​កម្មក្នុងស្រុកណាមួយទេ បែរជាឱកាសអបអរសាទរបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស ២៥៦២ ឆ្នាំ២០១៨ លោកចេញចម្រៀងមួយបទ «ជួបជុំគ្រួសារថ្ងៃចូលឆ្នាំខ្មែរ» ក្នុងផលិតកម្មសាន់ដេដដែល។

លោក ប៊ុន ស័ក្តិ ចូលមករួមរស់ជាមួយផលិតកម្មសាន់ដេក្រោយ SSB បិទទ្វារនោះ ធ្វើឲ្យល្បី​កិត្តិនាមមួយបទ «ភ្នំពេញនឹកកំពង់ចាម» តែក្រោយមកទៀតប្រជាប្រិយភាពរបស់លោកចេះតែធ្លាក់ចុះបន្តិចម្តងៗ​ ហើយ​លោកសម្រេចចិត្តរៀបការជាមួយនារីរូបស្រស់សាងគ្រួសាររស់នៅយ៉ាងសុខដុម ដែលប្រភពខ្លះទម្លាយថា «ឥឡូវលោក​ដើរជាមួយអ្នកធំទៀតផង»។ ទោះបីរយាល​ពីសិល្បៈក៏ពិតមែន តែលោក ប៊ុន ស័ក្តិ នៅតែបង្ហាញជំហរ​ស្រលាញ់ និងចង់រួមរស់ជាមួយសិល្បៈ​រហូត។