ភ្នំពេញ៖ នៅលើបណ្ដាញសង្គមមហាជនផ្ទុះរឿងខឹងយ៉ាងខ្លាំងទៅលើគណនីហ្វេសប៊ុកឈ្មោះ Heng Yin ដែលធ្វើការបង្ហោះឈុត ទេពីស្រ៊ីសួគ៌ឦសានបុរៈ ជាឈុតតំណាងជាតិកម្ពុជា ទទួលបានជ័យជំនះលេខមួយក្នុងកម្មវិធីប្រកួតសម្រស់កញ្ញាឯក Miss Grand International 2018 ជាមួយនិងពាក្យប្រមាថបែបនេះថា«ស្អីគេ ឦសានបុរៈ និយាយដល់បុរេប្រវត្តិ ឈុតគ្មានអត្តសញ្ញាណជាតិ»។
ស្រាប់តែពេលនេះ កញ្ញា ធី សុវណ្ណថា បានព្រមានខ្លាំងៗទៅកាន់យុវជន ដែលប្រមាថឈុត ទេពីស្រ៊ីសួគ៌ឦសានបុរៈ ថា «នាងខ្ញុំ ផ្តល់ឱកាសឲ្យលោក២៤ម៉ោងដើម្បីទទួលកំហុស លុបការផុសប្រមាថ និងសុំទោសជនជាតិខ្មែរ ជាបន្ទាន់ បើលោក(ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heng Yin )នៅតែបំពាន ខ្ញុំ(កញ្ញា ធី សុវណ្ណថា)នឹងសិក្សានិតិវិធីច្បាប់ប្តឹងលោក ពីបទបរិហាកេរ្តិ៍ និងបទប្រមាថអតីត:ព្រះមហាក្សត្រ ទៅក្រសួងព្រះបរមរាជវាំងក្រសួងវប្បធម៌ វិចិត្រសិល្ប: សាលាដំបូងភ្នំពេញ និងអភិបាលខេត្តកំពង់ធំ»។
ទង្វើខាងលើរបស់កញ្ញា ធី សុវណ្ណថា ត្រូវបានមហាជននៅលើបណ្ដាញសង្គមមានការគាំទ្រជាខ្លាំង និងកំពុងតាមដានមើលថាតើម្ចាស់គណនីហ្វេសប៊ុក Heng Yin ហ៊ានចេញមុខសុំទោសជនជាតិខ្មែរតបតាមអ្វីដែល ធី សុវណ្ណថា ចង់បាន ឬក៏ធ្វើរឿងអ្វីខុសឆ្គង បន្តទៀត។