ភ្នំពេញ ៖ បន្ទាប់ពីវាសនាតារាចម្រៀង ឃី សុឃុន អតីតបេក្ខជនកម្មវិធី The Voice Cambodia ហាក់មិនខុសប្លែកពីម្ចាស់ពាន ធែល ថៃ ឡើយ ដោយមកទល់ពេលនេះបទចម្រៀង សុឃុន បានល្បីតែមួយបទប៉ុណ្ណោះ ខណៈបទថ្មីចេញដែរតែគ្មានហុងស៊ុយសោះ។ ស្របពេលប្រជាប្រិយហាក់មិនឡើងមិនចុះនៅនឹងថ្កល់បែបនេះបានធ្វើឲ្យអ្នកគាំទ្របានត្រឹមពោលពាក្យស្តាយពីសមត្ថភាព លើសពីនេះពួកគេក៏បង្ហាញការបារម្ភក្រោយតារាចម្រៀងរូបនេះបង្ហាញរូបមួយសន្លឹករួមដោយសារខូចចិត្តកំពុងអង្គុយបែបអ្នកអស់សង្ឃឹមលើរទេះថែមទៀតផង។
ក្នុងរូបត្រូវអ្នកគាំទ្រថាកំពុងបាក់ទឹកចិត្តនោះ ឃី សុឃុន ក៏បានរំលេចសារខ្លីទំនងអន់ចិត្តផងថា «ខ្ញុំនិយាយតិចៗប្រាប់ខ្លួនឯងថាខ្ញុំមិនអីទេ ខ្ញុំមិនអាចអោយមនុស្សគ្រប់គ្នាស្រលាញ់ខ្ញុំទាំងអត់បានទេព្រោះចិត្តមនុស្សខុសគ្នា តម្រូវមួយខុសមួយ សំខាន់ខ្ញុំនៅតែដូចដើមកន្លងមកការឈឺចាប់ និងភាពលំបាក ធ្វើអោយខ្ញុំចងចាំមិនអាចបំភ្លេចបានអស់មួយជីវិត»។ ភ្លាមនោះស្រាប់តែម្ចាស់គណនីឈ្មោះ Ping Drum Tama បានពោលឡើងដោយភាពភិតភ័យថា «ប្រយត្ន័ធ្លាក់ជ្រោះ» តែឆ្លើយតបដោយមិនខ្វល់ពីសុវត្ថិភាព និងបញ្ជាក់ថាខ្លួនគ្មានបញ្ហានោះម្ចាស់បទ «ធ្វើម្តេចយើងក្រ» បានត្រឹមចុចស្ទីកឃ័រសើចទៅកាន់អ្នកគាំទ្រប៉ុណ្ណោះ។
