ភ្នំពេញ៖ មនុស្សគ-ថ្លង់ ៤នាក់ទទួលបានជោគជ័យពីការវះកាត់របស់ក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ នៅក្នុងមន្ទីពេទ្យព្រះអង្គឌួង ដែលលោក លូ លីឃាង ប្រធានមន្ទីរពេទ្យ ថា «នេះជាលើកដំបូងតែប៉ុណ្ណោះនៅកម្ពុជា សម្រាប់ការវះកាត់មនុស្សគ-ថ្លង់ ទទួលបានប្រសិទ្ធភាពខ្ពស់ អាចស្ដាប់ និងនិយាយបានដូចមនុស្សធម្មតា»។

ស្ថិតក្នុងក្តីអំណររបស់សមាជិកគ្រួសារ ឃើញកូនស្ងួតអាចនិយាយបាន និងស្តាប់បាននោះ លោកប្រធានមន្ទីរពេទ្យបន្ថែមថា «នៅថ្ងៃទី១៦-១៧ ខែតុលា ធ្វើការវះកាត់ ដល់កុមារ គ-ថ្លង់ចំនួន ៤នាក់ ដោយឥតគិតថ្លៃ» តែចាប់​ពីថ្ងៃទី១៨ ខែតុលា តទៅ មានការគិតតម្លៃសេវាព្យាបាល និងវះកាត់ដែលតម្លៃសមរម្យ​ពលរដ្ឋ​អាចទទួល​យកបានមិនថ្លៃ​ដូចក្រៅប្រទេសនោះទេ ព្រោះលោកសាស្ត្រាចារ្យ លូ លីឃាង បានបញ្ជាក់ហើយថា «តម្លៃគឺ​ថោកជាងនៅក្រៅប្រទេស រហូតដល់តែបីដង ដូចនេះបងប្អូនប្រជាពលរដ្ឋយើង ដែលមានសមាជិក គ-ថ្លង់ នឹងទទួលបានឱកាសល្អសម្រាប់ពួកគាត់ហើយ»។