ភ្នំពេញ៖ រឿង «បន្តោងឆ្នាំងដី» ដែលផលិតឡើងដោយ​មានការ​សម្រិត​សម្រាំង​​ពីកវីល្បីកិត្តិនាម សុខ ជំនោរ និងនាយ ពាក់មី អស់ជាង ១ឆ្នាំ ជ្រក​ក្រោម​ផលិតកម្ម «សិល្បៈ​ខ្មែរ​ភាពយន្ត» មានអ្នកនាង ចន ច័ន្ទលក្ខិណា ជាចាងហ្វាងផលិតកម្ម និងលោក ហេង ឡុង ជាប្រធានគ្រប់គ្រងការ​ផលិត បានសម្ពោធជាផ្លូវការហើយ ដោយគ្រោងចាក់បញ្ជាំងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តទៅ នៅគ្រប់រោង​ភាពយន្ត​រាជ​ធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប។

វណ្ណកម្មដំបូងរបស់ផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» ត្រូវបាន​អ្នក​គ្រប់គ្រង​ការ​ផលិត និងជាប្រធានសមាគមមិត្តសិល្បៈ​ស្ម័គ្រ​ចិត្តជួយ​សង្គម ហេង ឡុង បង្ហាញ​ថា «ជាខ្សែ​ភាពយន្ត​ខ្មែរបែប​កំប្លែង និងរន្ធត់​ដែលប្រមូល​ផ្ដុំដោយតារា​ល្បីៗប្រចាំឆ្នាំ២០១៨» ខណៈ​តួឯក​ស្រីត្រូវ​បាន​គេស្គាល់ថា ជាអតីត​បវរកញ្ញាឯក Miss grand Cambodia 2016 កញ្ញា ហេង ចន្ថា ដែល​ត្រូវប៉ះ​ជាមួយ​តួ​ឯកប្រុស​តារា​កំប្លែង​ដ៏ល្បី​នាយ​​ ពាក់មី បង្កជាទស្សនីយភាពជក់​ចិត្ត​ដិត​​អារម្មណ៍​ ដែលប្រភពប្រធាន​ចាង​ហ្វាងផលិតកម្ម​ប្រាប់ថា «តាមរយៈ​រឿងនេះមិនធ្វើឲ្យអ្នកទស្សនា​ខកបំណងឡើយ ដោយខ្ញុំជឿជាក់ថា ល្អមើល ទាក់អារម្មណ៍ គ្រប់ឈុត​គ្រប់ឆាក​មានភាពប្រទាក់ក្រឡាគ្នា ធ្វើឲ្យអ្នក​ទស្សនា​ព្រឺព្រួច​ជាមួយ​ឈុតឆាក​លងបន្លាច​ លាយឡំជាមួយ​អារម្មណ៍​ស្រស់​ស្រាយ សើច​បិទមាត់មិនជិត​ជាមួយ​វោហារស័ព្ទបែបកំប្លែងរបស់នាយ​ ពាក់មី និងលោក ប៉ែន ចំរ៉ុង»។

រឿង «បន្តោងឆ្នាំងដី» មានសន្ទុះការចាប់អារម្មណ៍ទ្វេដង ត្បិតថ្ងៃសម្ពោធ​ដាក់​ឲ្យចាក់បញ្ចាំងតាមបណ្តារោងភាពយន្ត​ក្នុងស្រុកខ្មែរ ក្រោមអធិបតីអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ហេង​ ឡុង ចប់ភ្លាម ក៏​មាន​ការផ្សព្វ​ផ្សាយ​លើ​ផេក​ផ្លូវការ «រឿងបន្តោងឆ្នាំងដី» ធ្វើឲ្យមហាជនសម្រុក​ចូលមកសួរ​រឿងថ្លៃសំ​បុត្រ​ និងពេលវេលាទៀតផង។ ទន្ទឹមនឹងការចាប់អារម្មណ៍​ខ្លាំង លោក ហេង ឡុង ប្រធានគ្រប់​គ្រងការផលិត បានឈ្លេចសួរបន្ថែមថា «តើបងប្អូនមានចាំ​លោកគ្រូ​អគ្គីនេត្រ​ដែលទាយមានបណ្ណ័ធានាដែរឬទេ? ចង់​ដឹងទេ​ថាមានតួ​សម្ដែង​លោកគ្រូ​អគ្គីនេត្រ ឬក៏អត់?»។ ​ដើម្បីជ្រាបច្បាស់ថា ខ្សែភាពយន្ត​ដំបូង​របស់​ផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» រឿងបន្តោងឆ្នាំងដី​ មានឈុត​ឆាក​អ្វីខ្លះ? និងមានគ្រូអគ្គីនេត្រ ដែរ ឬ យ៉ាងណា កុំភ្លេច​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា។