កំពង់ឆ្នាំង៖ ថ្ងៃទី១៨ខែតុលានេះ លុះម៉ោង៤ នៅមិនទានមានព័ត៌មានបង្ហាញមូលហេតុពិត លើមរណៈភាពដ៏មហាសង្វេគលើកុមារីពីរនាក់បងប្អូន នៅក្នុងខ្ទមស្លឹករហែកធ្លុះធ្លាយ ស្ថិតក្នុងភូមិថ្មីឃុំផ្សាស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងនៅឡើយ ក្រៅពីការបង្ហាញក្នុងវីដេអូផ្សាយថា ចាំគ្រូពេទ្យនិងមន្រ្តីនគរបាលជំនាញចុះមក។
ក្នុងហ្វូងមនុស្សផ្អើលអស់មួយភូមិរត់មកចោមមើល ចម្រុះវត្តមា​ន​ជាមួយអាជ្ញាធរ ភូមិឃុំស្រុកនិងខេត្តក៏មានខ្លះផង ដែលនាំគ្នាពោលដោយភាពក្តុក្តួល ក្រៅពាក្យថា «អាណិតណាស់កូនគេកូនយើង ឪពុកម្តាយចែកជើងគ្នារត់រកស៊ី ឪពុកទៅថៃ ម្តាយទៅភ្នំពេញ ព្រោះក្រីក្រ ដោះបំណុលធនាគារ ពេលនេះកូនៗបែរត្រូវគេសម្លាប់ មិនដឹងគ្នាស្លុតចិត្តយ៉ាងណា»។ ព្រមសម្រែកដ៏ក្តុកក្តួលក៏មានដូនចាស់អះអាងត្រូវជីដូនសពទាំងពីរប្រាប់តាមការផ្សា​យ​ថា «សពបងឈ្មោះ អុល លក្ខិណា អាយុ១៤ឆ្នាំ ចំណែកសពប្អូនឈ្មោះ ជន នី អាយុ៧ឆ្នាំ ។ ចៅៗខ្ញុំស្លូតណាស់ មិនគួរនាងអាយុខ្លីសោះ ជាតិក្រោយកើតមកកុំជួបរឿងអភ័ព្ទទៀតចៅ»។