ព្រះសីហនុ ៖ ទង្វើដ៏សែនអាក្រក់ដែលត្រូវគេដឹងថាជាស្នាដៃរបស់ម្តាយចុង​ បានវាយតប់​ទៅកូនដើមរបស់ប្តី ហើយ​​ត្រូវ​បានមជ្ឈដ្ឋានបង្ហាញក្តីខឹងសម្បារជាខ្លាំង​ចំពោះ​សកម្មភាព​នេះ និងបានប្រសិទ្ធិនាមថ្មី​ដល់​ស្រ្តីនោះថា «ម៉ែចុងចិត្តខ្មៅ» ថែមទៀតផង។ បង្ហាញ​នូវរូប​ភាព​២សន្លឹកដ៏សែនក្តុកក្តួលឈឺ​អួលពេញទ្រូង​របស់​ក្មេងតូចរង​គ្រោះ​ម្ចាស់គណនីឈ្មោះ Long Phong បានថ្លែងដោយភាព​ឈឺចាប់ថា «ឃើញហើយរំជួលចិត្តណាស់ ហេតុ​តែ​មិនមែ​ន​ជាកូនបង្កើតរបស់ខ្លួន វាយ​ក្មេង​រហូតដល់ថ្នាក់នេះ ហេតុការណ៍នេះកើ​តឡើង​នៅថ្ងៃ​ទី​១២ តុលា ២០១៨ នៅក្រុម​១៤ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ»។

ភ្លាមៗក្រោយមានការចែករំលែកដោយភាពក្តៅក្រហាយពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកស្រាប់​តែមានម្ចាស់គណនីមួយឈ្មោះ Bo Nam ជា​នាយ​នគរបាល​ប៉ុស្តិ៍រដ្ឋ​បាល ឃុំទំនប់រលក បានឲ្យដឹងថា​សមត្ថ​កិច្ច​កំពុងធ្វើការសាកសួរតាមនិតិវិធីច្បាប់ហើយ និង​បានបន្តឲ្យដឹងថា​ក្រោយសាកសួរ​យ៉ាងយក​ចិត្ត​ទុកដាក់​រឿ​ង​នេះ​មិនមែន​ជាការ​ពិតដូច​ការបង្ហោះផ្សព្វផ្សាយឡើយ។ យ៉ាងណា​មិញក្រោយឃើញ​លោកមេប៉ុស្តិ៍​ចេញមុខ​ច្រាន​ចោល​​បែបនេះ​ក៏មានគណនីឈ្មោះ «ខោអាវមួយទឺក ប្រេនៗ ពីកូរ៉េ» បានលើកសំណួរ​ភ្លែតថា «ជួយបក​ស្រាយអោយបានលំអិត​បន្តិចបង?» ប៉ុន្តែត្រូវម្ចាស់គណនី​ជាមេប៉ុស្តិ៍​ដដែល​បានត្រឹមតបសារខ្លី​នូវបង្កប់​ចម្ងល់​ដដែលថា «គាត់គ្មានកំហុសទេប្អូន ចឹងបាន​បង​មិន​អាចបកស្រាយ ជាសាធារណៈ​បាន»។