ភ្នំពេញ ៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ឧត្តមសេនីយ៍ឯក ស ថេត ជាអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មីបានប្រកាសក្តែងៗក្នុងនាមជាស្នងការថ្មីថា« ប៉ូលិសចរាចរណ៍ត្រូវតែរឹតបន្តឹងភ្លើងសញ្ញាចរាចរណ៍ ហើយត្រូវកែទម្លាប់ដើរទៅចាប់ដៃយកលុយពីរថយន្តដឹកសំពីងសំពោងឲ្យបានជាដាច់ខាត»។ ជុំវិញការប្រកាសពីបទបញ្ជាដ៏ម៉ឺងម៉ាត់នេះត្រូវបានមជ្ឈដ្ឋានលាន់មាត់សរសើរលោកស្នងការថ្មី ព្រមដោយពាក្យ «រង់ចាំមើល» ចំពោះការអនុវត្តន៍របស់មន្រ្តីក្រោមបង្គាប់របស់លោកផងដែរ។
ក្នុងនោះលោកស្នងការក៏បានណែនាំដល់កម្លាំងនគរបាលទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវលុបបំបាត់ទូហ្គេមបាញ់ត្រី ព្រោះវាជាប្រភពបទល្មើស និងគ្រឿងញៀន ។ ចំពោះការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន ត្រូវ ធ្វើជាប្រចាំដើម្បីទប់ស្កាត់បទល្មើស ហើយពេលចុះបេសកកម្មត្រូវទន់ភ្លន់ និងជៀសវាងបង្កកំហុស ព្រោះនាំឲ្យខាតបង់ថវិកាជាតិ និងពេលវេលា។
