ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជាបានចេញ​សេចក្តីសម្រេច​ស្តី​ពីការបង្កើត​ក្រុមការងារ​ចម្រុះដើម្បីទទួល និងដោះ​ស្រាយ​បណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន នារាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងសេចក្តីសម្រេចនោះការងារចម្រុះនេះមាន នាយឧត្ថមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាប្រធាន និងមានអនុ​ប្រធាន៣នាក់ ព្រមទាំងសមាជិក១៨នាក់។ ក្នុង​ប្រការ​២​នៃ​សេចក្តី​សម្រេច ក្រុមការងារ​មាន​ភារកិច្ច ទទួល​បណ្តឹងតវ៉ា​ផ្សេងៗ នៅមុខ​ភូមិគ្រឹះ​សម្តេចតេជោ ហ៊ុន សែន នៅ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល រួច​បញ្ជូនទៅ​ជំនាញ​ពាក់ព័ន្ធ​។​ ​ក្រុមការងារ ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ព្យាយាម​ពន្យល់​អំពី​នីតិវិធី​ជូន​ក្រុមអ្នកតវ៉ា និង​ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀតឱកាស​ដែល​កេងចំណេញ​មកលើ​ក្រុមអ្នកតវ៉ា ក្នុងនោះសេចក្តីសម្រេចនេះចាប់អនុវត្ត​ចាប់ពីថ្ងៃចុះហត្ថលេខា ថ្ងៃទី១៦ តុលា។