ភ្នំពេញ៖ លោក ពៅ គីសាន់ (ហៅនាយឆើត) អាយុ ៥៥ឆ្នាំ ជាតារាកំប្លែងជើងចាស់ ដែលមានជីវភាពលំបាក ហើ​យ​បានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដើរពុំរួចនោះត្រូវបានកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានបានឧបត្ថមគ្រឿងបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នេះ។
ជំនួបដំណើរនាំយកថវិកា និងសម្ភារៈទៅជូនផងនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បា​ន​ពាំ​នាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះសិល្បករជើងចាស់ ដែលបានបន្សល់ទុកនូវស្នាដៃសិល្បៈសម្រាប់កូនចៅជំនាន់ក្រោយដែរថា«លោកជំទាវ បានផ្តាំផ្ញើដល់ លោក ពៅ គីសាន់ និងភរិយា ឱ្យថែទាំសុខភាពឱ្យបានល្អ បន្តព្យាបាលរបួសដោយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ ដើម្បីបន្តខិតខំប្រកបរបរផ្គត់ផ្គង់ជីវភាពគ្រួសារ»។ យ៉ាងណាមិញលោក ពៅ គីសាន់ និងភរិយា ក៏មិនភ្លេចផងដែរលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលការលំបាក និងលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋរងគ្រោះដោយមិនរើសអើងឡើយ។