ក្រចេះ៖ ផ្ទុះកក្រើកករណីពុលស្រាសទៀតហើយ ដែលបណ្ដាលឲ្យមនុស្ស៣នាក់បានបាត់បង់ជីវិត និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែតុលា ស្ថិតនៅក្នុងភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
ចំពោះហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិប្រាប់ថា«នៅមុនពេលកើតហេតុពួកគាត់(ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ និងអ្នកកំពុងសម្រាក់ព្យាបាលជាង៣០នាក់ទៀត) បាននាំគ្នាហូបសាច់សត្វពស់ និងផឹកស្រាស ខណៈដែលពួកគាត់ឈប់សម្រាកពីការច្រូតស្រូវនៅក្នុងស្រែមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែពួកគាត់ កើតមានអាការពុលរហូតក្អួតចង្អោ វិលមុខ និងស្រវាំងភ្នែក និងបង្កឲ្យមានអ្នកស្លាប់៣នាក់បែបនេះតែម្ដង»។
សម្រែកទ្រហោយំយ៉ាងខ្លាំង ចេញពីបងប្អូនអ្នកភូមិដំរ៉ែ ខណៈពេលដែលសាកសព៣នាក់កំពុងធ្វើបុណ្យ ដោយ២នាក់ជាបុរស និងម្នាក់ ជាស្ត្រី បង្កការភ្ញាក់ផ្អើលជាខ្លាំងទៅដល់មហាជននៅលើបណ្ដាញសង្គមនាំគ្នាលាន់មាត់ថា« អ្នកខេត្តក្រចេះ ពុលស្រាសស្លាប់ទៀតហើយ»។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅថ្មីៗនេះ នៅក្នុងខេត្តក្រចេះ ក៏មានករណីពុលស្រាសផងដែរ ដែលគ្រានោះមានមនុស្ស២នាក់បានស្លាប់ និង៤៨នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ។
