កំពង់ឆ្នាំង៖ រំពេចពីឃើញសោកនាដកម្មដ៏ខ្លោចផ្សាររបស់គ្រួសារមួយនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវជនទុយ៌សរំលោភ និងសម្លាប់ ២នាក់បងប្អូនបង្កើតយ៉ាងព្រៃផ្សៃបំផុតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ និងបច្ច័យចំនួន ២០លានរៀល ចូលបុណ្យសពកុមារទាំងពីរនាក់បងប្អូនផងដែរ។
ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពកុមារី អ៊ុល លក្ខិណា អាយុ ១៤ឆ្នាំ និងសពកុមារី អ៊ុល ធីតា អាយុ ៧ឆ្នាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់សមត្ថកិច្ចជំនាញវែកមុខរកឧក្រិដ្ឋជន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល បានចូលបុណ្យសពនូវ អង្ករ ២០០គីឡូក្រាម ត្រីខ ៧០កំប៉ុង មី ៧កេស ទឹកក្រូច ៧កេស ទឹកបរិសុទ្ធ ៧កេស និងបច្ច័យចំនួន ២០,០០០,០០០រៀល។
