ភ្នំពេញ ៖ ទីបំផុតម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ​ Heng Yin  ដែលត្រូវគេស្គាល់ថាជា ខ្ទើយ​ចំប៉ីខ្មៅ​ បានធ្វើការ​មាក់ងាយឈុតតំណាងជាតិឈ្មោះ «ទេពីស្រ៊ីសួគ៌ឦសានបុរៈ» ​ដែល​កញ្ញា​ឯកកម្ពុជា​យកទៅ​ប្រឡង​ក្នុងកម្មវិធី Miss Grand International 2018 ដោយបង្ហោះថា «ស្អីគេ ឦសានបុរៈ និយាយ​ដល់​បុរេប្រវត្តិ ឈុតគ្មាន​អត្ត​សញ្ញាណជាតិ» បង្កឲ្យមហាជន​ខ្មែរ​មានការផ្ទុះកំហឹង​ខ្លាំងក្លា​​ ពិសេសនាង ធី សុវណ្ណថា ក៏បានដាក់ឱសាន​វា​ទ​ដល់រូបគេ​ដើម្បីធ្វើកា​រ​សុំទោស​ជា​សាធារណៈទៀតផង ហើយមកទល់ថ្ងៃទី១៩ តុលា នេះ ចំប៉ីខ្មៅ ក៏បានចូល​ខ្លួន​មកធ្វើការ​សុំទោស​ក្រោមការសម្របសម្រួលរបស់សមាគមសិល្បៈទាំងពីរ។

ក្នុងវីដេអូផ្សាយផ្ទាល់មានរយៈពេលប្រមាណជាង១ម៉ោងលើទំព័រហ្វេសប៊ុក «សមាគមមិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម» បានដាក់ចំណងជើងធំៗថា « សមាគ​មន៍​មិត្ត​សិល្បៈ​ ទទួល​ជួបលោក​ Heng yin (ចំប៉ីខ្មៅ) មកសុំ​ទោស​ជា​សាធា​រណៈ​ ចំពោះកំហុសដែលបានប្រមាថឈុត  «ទេពីស៊្រីសួគ៌​ឦសាន​បុរៈ» ដោយក្នុងនោះ​មាន​ការសម្របសម្រួលពីសំណាក់លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន​សមាគមសិល្បៈ​ទាំងពីរ កញ្ញា ធី សុវណ្ណថា និងលោកមេធាវី ផងនោះ ចំប៉ីខ្មៅ បានលើកដៃព្រមដោយស្នាមញញឹមថា «ខ្លួន​ពិតជាទទួលស្គាល់នូវកំហុស និងសុំទោសជាសាធារណៈ សង្ឃឹមថាបងប្អូន​ទាំងអស់​មេត្តាយោគយល់ផ្តល់​អធ្យា​​ស្រ័យដល់ខ្លួន និងបានលើកទឹកចិត្តដល់​បវរកញ្ញាយើង​ដែលកំពុង​ប្រកួតដើម្បីជាតិនៅក្រៅប្រទេស ពិសេ​ស​សុំទោសដល់មន្រ្តីក្រ​សួង​វប្បធម៌ ទាំងកំហុសដោយចេតនា និងអចេតនា​ ផង និងសុំឲ្យបងប្អូនខ្មែររក្សាស្នាម​ញញឹមចំពោះ​បងប្អូនខ្មែរយើងទាំងមូល»។