ភ្នំពេញ៖ បន្ទាប់ពីធ្វើការពិសោធន៍ មន្ត្រីកាំកុងត្រូលរាជធានីភ្នំពេញបានរកឃើញថា «នៅក្នុងប្រហិតត្រីស្លាត មានសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ២.៥០គីឡូក្រាម» ដែលសាធាតុនេះប្រភពមន្ត្រីជំនាញធ្លាប់អះអាងថា «ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគខ្លាំង គេដាក់វាឲ្យសាច់ប្រហិតស្វិត ហើយវាគ្មានក្លិន តែមានរសជាតិប្រហាតៗបន្តិច ដែលខ្មែរយើងនិយមហៅថាទឹកអន្សា»។
ចំពោះករណីនេះ មន្ត្រីកាំកុងត្រូលបានធ្វើការតាមនីតិវិធី ដោយដកហូតយកទៅកម្ទេចចោល និងកំពុងស្រាវជ្រាវបន្តរកប្រភពចែកចាយដើម្បីចាត់ការតាមផ្លូវច្បាប់។ នៅក្នុងកិច្ចសហការគ្នាចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារជម្ពូវ័ន កម្លាំងសមត្ថកិច្ចចម្រុះ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បានយកគំរូផលិតផលម្ហូបអាហារចំនួន ២០គំរូ ដូចជាផលិតផលគ្រឿងសមុទ្រ ប្រហិតគ្រប់ប្រភេទ ផ្អកម៉ាំ ប្រហុកជាដើម ទៅពិសោធន៍ តែរកឃើញតែប្រហិតត្រីស្លាតមួយមុខទេដែលមានសារធាតុគីមី។
