ភ្នំពេញ៖ ស្ត្រីកម្មការិនី​រោងចក្រវ័យ២៩ឆ្នាំម្នាក់បាន​ខលទូរស័ព្ទ​ទៅប្រាប់ម្តាយក្មេកតាំងពីរសៀលថា «កូនទៅលេងម្តាយល្ងាចនេះ» លុះល្ងាចឡើងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់ខ្លាំងហើយស្របពេលនោះកូនប្រសារដល់ម៉ោងចេញពីធ្វើការល្មម ដោយប្រភពថា «នាងចេញមកពីធ្វើការ ដើរតាមផ្លូវ​មានទឹកត្រឹមកជើង ហើយនាង​ដើរក្បែរបង្គោល​ភ្លើង​ស្រាប់តែឆក់​ស្លាប់មួយរំពេច»។

លុះមានមនុស្សម្នាផ្អើលទៅមើលជនរងគ្រោះ​ឆក់ខ្សែភ្លើង​ស្ត្រីជាម្តាយក្មេក​ក៏ទៅមើលដែរ ស្រាប់តែរឿងមិននឹកស្មាន​នាងរងគ្រោះគឺកូនប្រសារ ធ្វើឲ្យម្តាយក្មេកលើកត្រកងបីកូនប្រសារ​ស្រែក​យំឥតស្រាកស្រាន្តនៅលើផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ សពនារីមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ ស្នាក់នៅនិងធ្វើការនៅម្តុំចំការរដូង។