ពោធិ៍សាត់ ៖ កសិករវ័យក្មេងនាមលោក អ៊ូច សំបូរ ដែលជាម្ចាស់ចំការ ស្ត្រប័ររី ដាំនៅខេត្តពោធិ៍សាត់លើផ្ទៃដីប្រមាណជិត២ហិចតា ដែលលោកបានបោះទុនអស់ទឹកប្រាក់ប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក ។ ពេលសាកសួរពីដើមចមនាំដល់គំនិតថ្មីដាំរុក្ខជាតិនេះ លោកឲ្យដឹងថា «មូលហេតុដែលជម្រុញឲ្យលោកសម្រេចចិត្តដាំដំណាំនេះឡើង គឺដោយសារតែមើលឃើញពីការគិតខុសរបស់មជ្ឈដ្ឋានដែលថា អាកាសធាតុនៅប្រទេសខ្មែរ គឺមិនអាចដាំប្រភេទដំណាំនេះបានទេ តែផ្ទុយទៅវិញគ្មានអ្វីដែលមិនអាចទៅរួចនោះទេដោយជំហានដំបូងគឺលោកផ្តោតទៅលើទីផ្សារក្នុងស្រុក ហើយចំពោះអតិថិជនគោលដៅគឺសម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ»។
ប្រាប់ឲ្យដឹងពីវិធីសាស្ត្រដែលកូនខ្មែរសឹងមិនជឿងថាអាចធ្វើបាននោះ កសិករវ័យក្មេងរូបនេះតំណាលឲ្យដឹងថា «លោកបាននាំចូលកូន Strawberry ចំនួន១៥,០០០ដើមរួមទាំងដំណាំមួយចំនួនទៀតមកដាំនៅភូមិ អូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិសាត់។ ជាក់ស្តែងអ្វីដែលលោកទទួលបានគឺលោកបានប្រមូលផលលើកទី១ បានចំនួន ២០គីឡូក្រាមជាចំនួនមួយដ៏តិច ហើយលោកបានលក់ចេញក្នុង តម្លៃចន្លោះពី ១១ទៅ១៣ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម»។ ក្នុងនោះលោកក៏បានលើកឡើងពីភាពបរាជ័យផងដែរ តែលោកនៅតែពុំបាក់ទឹកចិត្តឡើយ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឲ្យងាកមកមើលប្រភេទដំណាំនេះដើម្បីជាការលើកស្ទួយមុខមាត់សង្គមដើម្បីឲ្យពិភពលោកដឹងថាខ្មែរយើងក៏អាចដាំបានដែរ និងអាចកាត់បន្ថយការនាំចូលពីក្រៅស្រុកទៀតផង។
