ភ្នំពេញ៖ អតីតពិធីករទូរទស្សន៍កម្សាន្តម៉ាយធីវី វីជេ រតនា បានរត់ទៅសំងំសុខរួមប្រពន្ធលែងខ្វល់ខ្វាយពីសិល្បៈ ដែលទំនងជាលោកចំណេញដុលនឹងអាជីវកម្ម និងជំនួញជួញប្រែ តែទន្ទឹមនឹងក្តីកាក់កបកើនឡើងជាបន្តបន្ទាប់នោះ លោកត្រូវបានអ្នកជិតខាងលួចបង្ហើបថា «ជាប្តីល្អក្នុងគ្រួសារចេះមើលថែប្រពន្ធសព្វគ្រប់បែបយ៉ាង» ហើយអ្វីដែលធ្វើឲ្យមហាជនចាំមិនភ្លេចទេគឺលោកតែសរសើរនិងលើកទឹកចិត្តប្រពន្ធសំណព្វចិត្តជានិច្ច ប្រាសចាកពីប្រុសៗមួយចំនួនតែងបន្ទោសបង្អាប់ប្រពន្ធរឿងបាក់រូបឆោម មិនស្អាតមិនល្អដូចស្រីដទៃ។ លោក រតនា ថា «ហេតុអីត្រូវបន្ទោសបង្អាប់ប្រពន្ធមិនបានដូចកាលទើបតែស្រលាញ់គ្នា ហេតុអីត្រូវប្រៀបធៀបនាងទៅនិងស្រីខាងក្រៅ»។
អតីតតារាប្រុសដែលចាត់ទុកប្រពន្ធដូចកែវភ្នែក បន្តទៀថា «គេស្អាតព្រោះគេនៅលីវ គេមិនទាន់មានអំរែកគ្រួសារដូចប្រពន្ធយើង បើគេមានអំរែកគ្រួសារដែរក៏មិនល្អជាងប្រពន្ធយើងដែរ ហេតុអីត្រូវសរសើររាងស្រីខាងក្រៅស្អាត គេមិនបានពរពោះបង្កើតកូនអោយយើងដូចប្រពន្ធយើងទេ ស្វាមីឆ្លាតមិនប្រៀបធៀបប្រពន្ធខ្លួនទៅនិងស្រីដ៏ទៃឡើយ ក្រៅពីម្តាយយើងមនុស្សស្រីដែលហ៊ានលះបង់អ្វីៗគ្រប់យ៉ាងសំរាប់យើងសូម្បីតែសម្រស់គឺមានតែប្រពន្ធយើងទេ»។
