ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ រួចមក នៅរសៀលថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាស​គាំទ្រឲ្យមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន របស់លោកជំទាវ អេណា សូលប៊ើក នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ន័​រវេ​ស។

ជាមួយនឹងសកម្មភាពដែលប្រទេសន័រវែស ជួយដល់ប្រទេសកម្ពុជា ក្នុងការបោសសំអាតគ្រាប់មីន លោកជំទាវចង់ឃើញនិងជំរុញឲ្យមាន អនុសញ្ញានៃការហាមឃាត់ជាផ្លូវការ ស្តីពីការប្រើប្រាស់គ្រាប់មីន ក្នុងន័យនេះលោកជំទាវសង្ឃឹមថា កម្ពុជាអាចនឹងគាំទ្រនូវគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។ ​​ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសន័រវែសគឺជាប្រទេសមួយដែល​បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ពិសេសការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍ និង​ការបោសសំអាតគ្រាប់មីន និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម។ ទាក់ទិនទៅនឹងការជំរុញឲ្យ​មាន នូវអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន សម្តេចតេជោមានប្រ​សា​សន៍ថា កម្ពុជាពិតជាគាំទ្រទាំងស្រុង នូវអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើ​ប្រាស់​គ្រាប់មីន។

សម្តេចតេជោបន្តថា កម្ពុជានឹងបន្តបោសសំអាតគ្រាប់មីនទាំងស្រុង ក្នុងប្រទេសកម្ពុជា ពិសេសកម្ពុជានឹងចូលរួមក្នុងគំនិតផ្តួចផ្តើម ស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្ម ក្នុងការបោសសំអាតគ្រាប់មីន តាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្រិក។ ទាក់ទិនទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកជំទាវបានមានប្រសាសន៍ថា អ្វីដែលកម្ពុជាបានធ្វើគឺ មានសកម្មភាពដ៏ល្អ។