ភ្នំពេញ ៖ រំលេចដោយរូបភាពច្រើនសន្លឹកក្នុងដំណើរការនៃការយកចេញនូវធ្មេញមួយក្រាស់យ៉ាងច្បាស់ដោយត្រូវប្រភពអះអាងថា «ជាធ្មេញអ្នកជំងឺដែលបានធ្លាក់ចូលទងសួត» ធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុកមួយក៏បានខមិនចូលភ្លែតចោទសួរបែបមិនជឿ ព្រោះជារឿងកម្រឮថា «ពិតមែនអត់ហ្នឹង? ធ្មេញធ្លាក់ចូលក្នុងសួតចឹងនោះ?»។តបដោយសារខ្លីព្រមទាំងវីដេអូជាក់ស្តែងផងនោះម្ចាស់គណនីឈ្មោះ Chhar Bunpaul បានឲ្យដឹងច្បាស់ៗភ្លាមថា «ក្រុមការងារបានសហការជោគជ័យក្នុងការចាប់យកធ្មេញចេញពីទងសួតអ្នកជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍»។ បន្ទាប់ពីឃើញការបកស្រាយចំៗព្រមដោយភស្តុតាងផងនោះម្ចាស់គណនីឈ្មោះ Polyva Toch បានខមិនដោយភាពសាទរចំពោះអ្នកជំងឺដែលឆ្លងផុតគ្រោះតាមរយៈសំណេរខ្លីថា «សំណាងរបស់អ្នកជំងឺណាស់ មានគ្រូពេទ្យខ្មែរជួយបាន»។
