​ភ្នំពេញ ៖ ខណៈ​ដំណឹង​មហា​សែន​ក្រៀមក្រំ​នៃ​មរណភាព​របស់​គ្រូពេទ្យ​ទេវតា​របស់​កុមារ​កម្ពុជា​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ន័​រ ធ្វើ​ឲ្យ​មានការ​សោកស្តាយ​ខ្លាំង​ពី​សំណាក់​ប្រជាជន​ខ្មែរ ដ្បិត​ពាក់កណ្តាល​ជីវិត​របស់លោក​បានធ្វើ​ការលះបង់​ដើម្បី​កុមារ​កម្ពុជា​រាប់ម៉ឺន​នាក់ ដោយ​ឃើញ​ពី​ភាព​លះបង់​ដ៏​ធំធេង​រក​តម្លៃ​ណាមួយ​ផ្ទឹម​ពុំបាន​នោះ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​មហាជន​ទូទាំងប្រទេស​ក្រៅពី​បង្ហាញ​ការចូលរួម​រំលែក​ទុក្ខ ក៏មាន​នូវ​បុគ្គល​មួយចំនួន​បាន​បញ្ចេញស្នាដៃ​តាមរយៈ​គំនូរ​ដោយ​គូរ​រូបលោក​ទុកជា​តំណាង​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់ និង​ចងចាំ​ផងដែរ​។​

​ក្នុងនោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Artist Cambodia ដែល​គេ​ដឹងថា​ជា​របស់​ម្ចាស់​គណនី វិចិត្រករ ខ្មែរ បាន​រំលេច​ដោយ​រូបភាព​ដ៏​ស្រស់ស្អាត​ព្រម​ដោយ​ស្នាមញញឹម​លោក​ដុក​ទ័​រ បេ​អាត រី​ច​ន័​រ និង​បាន​ភ្ជាប់​សារ​ថា «​គំនូរ​ពណ៌​ប្រេង​គូរ​ដោយ​ខ្ញុំបាទ តើ​ដូច​ប៉ុន្មាន​ភាគរយ​ដែរ​បាទ​? »​។ ខណៈ​ឃើញ​រូបនេះ​ភ្លាម​គណនី​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ពោល​ឡើង​ដោយ​ការសរសើរ​ទឹកដៃ​របស់​កវី​ខ្មែរ និង​នឹករឭក​ថា «​ពិតជា​ដូច​ខ្លាំងណាស់​ស្នាដៃ​មួយ​នេះ នូវតែ​បង្ហាញ​ពី​ភាពរស់រវើក​ដដែល​»​។​