ភ្នំពេញ៖ ក្រោយការស្លាប់របស់ពិធីករដ៏ល្បីមានថ្វីមាត់មិនចេះរីងស្ងួត លោក អ៊ិត សេដ្ឋា បានជិតកន្លះឆ្នាំមក បន្សល់ទុកកូនកំព្រាបុសស្រី ៣នាក់ រស់នៅជាមួយជីដូនទីទាល់ក្រ ឃើញស្ថានភាពបែបនេះហើយក្រុមការងារ CBS របស់ស្ថានីយទូរទស្សន៍ CTN បានផ្សព្វផ្សាយរកជំនួយពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ភ្លាមៗនោះ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានឧបត្ថម្ភកូនប្រុសស្រីទាំង ៣នាក់ នូវការសិក្សាដោយឥតបង់ថ្លៃ ១០០ភាគរយ ទាំងចំណេះទូទៅ និងភាសាអង់គ្លេស និងមានសប្បុរសជនផ្តល់ជាថវិកាជាច្រើនទៀត រហូតដល់មានលទ្ធភាព ទិញបានផ្ទះមួយជុង ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី២០ ខែតុលា នេះ លោក សុវណ្ណ រិទ្ធី ហៅ លោកតាវ៉ិចទ័រ ដែលជាអ្នកដឹកនាំក្រុមការងារ CBS ផ្ទាល់ បានបង្ហោះសារជម្រាបជូនបងប្អូនពីកាលបរិច្ឆេទនៃកម្មវិធីឡើងគេហដ្ឋានថ្មីរបស់លោក អ៊ិត ស៊ីថា ថា “កម្មវិធីឡើងផ្ទះជូនក្រុមគ្រួសារបង អ៊ិត សេដ្ឋា នៅថ្ងៃទី២៣ តុលា ២០១៧” ។ ភ្ជាប់នឹងកម្មវិធីឡើងគេហដ្ឋានថ្មីនេះ លើខ្នងសំបុត្រអញ្ជើញនោះ ក៏បានសរសេរថា “ពិធីឡើងគេហដ្ឋានថ្មី និងពិធីខួបកំណើតកូនប្រុសលោក អ៊ិត ស៊ីថា គឺ អ៊ិត មនោរម្យ គម្រប់ ១៦ឆ្នាំ” ។
ក្នុងទឹកមុខស្រស់ថ្លាក្នុងរូបថតប៉ុន្មានសន្លឹករបស់ក្រុមការងារ CBS ហាក់បានផ្តល់ក្តីសង្ឃឹមដល់គ្រួសារអតីតពិធីករដ៏ល្បី អ៊ិ សេដ្ឋា ឲ្យឆ្ពោះទៅមុខទៀត ជាពិសេសកូនកំព្រារទាំង ៣នាក់តែម្តង ៕
