ភ្នំពេញ៖ ការទន្ទឹងរង់ចាំយុត្តិធម៌ពីតារាស្រី សុខ ចិន្តា ហៅ វ៉ាន់ នីឡា នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីអតីតសង្សារជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ចែកចាយរូបភាពអាសអាភាសផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ខណៈសាលាដំបូងធ្លាប់សម្រេចឲ្យនាងឈ្នះក្តីម្តងហើយ តែមិនឃើញនគរបាលចុះអនុវត្តច្បាប់ឃាត់ខ្លួនជនសង្ស័យ និងពិន័យជាប្រាក់នោះទេ ដែលប្រភពគ្រួសារជនរងគ្រោះធ្លាប់លើកឡើងថា «យុត្តិធម៌មានតែនៅក្នុងក្រដាស»។
ការដាក់ពាក្យបណ្តឹងបន្តដល់សាលាឧទ្ធរណ៍ ពាក់ព័ន្ធរឿងអាស្រូវកេរ្តិ៍ខ្មាសឆ្នាំ២០១៥ តារាចម្រៀងប្អូនស្រីលោក សុខ ជំនោរ, វ៉ាន់ នីឡា បង្ហាញថា «ស្អែកនេះសាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា លើសំណុំរឿងរបស់នាងខ្ញុំ ហើយនាងខ្ញុំក៏សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាងខ្ញុំ ដូចសាលាដំបូងរាជធានីភ្នំពេញដែរ»។