ភ្នំពេញ៖ ក្រោយ​ពី​ជោគជ័យ​​លើ​វិស័យ​ផលិត​ភាពយន្ត​មួយ​រយៈ​ម្ចាស់​ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា ពេល​នេះ​ផ្ដើម​ពង្រីក​អាជីវកម្ម​ថ្មី​មួយ​ទៀត ដែល​សាងសង់​ផ្ទះ​ល្វែង​​លក់ ដោយ​ចំណាយ​ដើម​ទុន​ប្រមាណជាង ១០​លាន​ដុល្លារ។

​ផលិតករវ័យក្មេង រូប​នេះ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​​ការ​បោះ​ជំហានមក​កាន់​ការ​សាងសង់​ផ្ទះ​ល្វែង​លក់​នា​ពេល​នេះ​ បន្ទាប់​ពី​ខ្ញុំ​​មើល​ឃើញ​ពី​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន។ ក៏​ចំណែក​សំខាន់​​បង្រីក​មុខ​របរ​ថ្មីបន្ថែម​ទៀត​ ក្រៅ​តែ​ពី​ផលិត​ភាពយន្ត។

លោក ឡេង ណាវ៉ាត់ត្រា បាន​បញ្ជាក់​ថា៖ ”ទុន​ដំបូង​ដែល​ខ្ញុំ​ដាក់​ក្នុង​ការ​ចំណាយ​គឺ​ជាង ១០​លាន់​ដុល្លារ។ ចំនួន​អាច​ច្រើន​ដែរ តែ​ខ្ញុំ​សង្ឃឹង​ថា​នឹង​ទទួល​ផល​បាន​មក​​វិញ ដោយ​មើលឃើញ​តម្រូវ​ការ​បច្ចុប្បន្ន​របស់​ប្រជាជនយើង”។

ក្រៅ​​ពី​ប្រកាស​បើក​​មុខ​របរ​ផ្ទះ​ល្វែង​ថ្មី​ លោក ឡេង ណាវ៉ាត់ត្រា ក៏​ឆ្លៀត​ឱកាស​ផ្ដល់​ថវិកា​ដើម្បី​រួម​ចំណែង​ជួយ​សង្គម​ផង​ដែរ ដោយ​ក្នុង​នោះ​លោក​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ១០០​លាន​រៀល សម្រាប់​កាកបាទក្រហម កម្ពុជា និង ៥០​លាន​រៀល​ សម្រាប់ មន្ទីរពេទ្យ គន្ធបុប្ផា។

លោក ឡេង ណាវ៉ាត់ត្រា គឺ​ជា​អតីត​ពលករ​កូរ៉េ​ម្នាក់ និង​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ច្រើន​ មុន​ពេល​លោក​ទទួល​បាន​ជោគជ័យ​លើ​របរ​ជំនួញ​ផ្អះល្វែង និង​ថត​ភាពយន្ត​នា​ពេល​នេះ​។ លោក​ថា​រាល់​របរ​ផលិត​ភាពយន្ត​របស់​ខ្លួន ២០​ភាគ​រយ​នឹង​យក​ទៅ​ជួយ​សង្គម ជា​ពិសេស​អ្នក​ក្រីក្រ៕