ភ្នំពេញ៖ ថ្មីៗអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះ អមជាមួយរូបថតប៉ុន្មានសន្លឹកបង្ហាញនូវក្តីស្រលាញ់ចំពោះស្វាមី និងកូនប្រុសសំណប់ចិត្ត ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពច្រណែន។ រំលងមិនទាន់បាន ២សប្តាហ៍ផង ពីការបង្ហោះសារជាសាធារណៈថ្លែងអំណរគុណរបស់តារាចម្រៀងដែលមានភាពក្រមិចក្រមើមឲ្យបងប្អូនសើចសប្បាយរីករាយបំបាត់ទុក្ខកង្វល់ អ្នកនាង ទូច ស្រីល័ក្ខ ចំពោះប្តីដែលបានខិតខំរៀបចំខួបកំណើតឲ្យប្អូនថ្លៃ។

ជាថ្មីតារារូបនេះ ក៏បង្ហាញសារ ក្នុងន័យដដែលទៀត។ ក្នុងសារសរសេរដែល ទូច ស្រីល័ក្ខបង្ហោះ បង្ហាញពីការរៀបរាប់ថា« ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ជួបជុំគ្រួសារយ៉ាង កក់ក្តៅ ទោះជារវល់យ៉ាងណាក៏ពួកយើងទាំងពីរនាក់ តែងតែមានពេលវេលាសំរាប់គ្នាជានិច្ច អរគុណលោកប្តីដែលបានផ្តល់ភាពកក់ក្តៅ ឲ្យក្រុមគ្រួសារមួយនេះ” ។ ក្រៅពីសារអរគុណប្តីមិនដាច់ពីមាត់ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានលើកសរសើរប្តីខ្លួនថា ជាប្តីដែលចេះយល់ចិត្តប្រពន្ធឲ្យតម្លៃលើការងាររបស់ប្រពន្ធ និងជាប្តីដែលមានទំនួលខុសត្រូវខ្ពស់ក្នុងគ្រួសារ ៕