ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែង មាស សម្ផស្ស បានបង្ហោះសារសុំអង្វរអតីតគូស្នេហ៍ អានិកជន មានងារជាគ្រូពេទ្យឈ្មោះ វីលៀម Willam ឲ្យឈប់មករវល់និងនាង និងឲ្យឈប់យកឈ្មោះ នាង ទៅពាក់ព័ន្ធនៅរាល់សកម្មភាពផ្សេង ដែលអតីតសង្ហានោះ ប្រព្រឹត្តសព្វថ្ងៃ។ ក្នុងសារបង្ហាញនៅលើគណនីហ្វេសប៊ុក នាង មាស សម្ផស្ស ដែលផ្តើមដោយពាក្យថា ខ្ញុំសូមប្រកាសជាសារធារណៈ រាល់ទង្វើរលោក វីលៀម ធ្វើអ្វីនៅខាងក្រៅដែលជារឿងមិនត្រូវឬក៏បោកប្រាស់បុគ្គលណា ។

អ្នកនាងក៏បន្ថែមនូវសារទទូចថា « សូមកុំយកឈ្មោះខ្ញុំមកពាក់ពន្ធ័ឲ្យសោះ ព្រោះយើងបែកគ្នាជិតមួយឆ្នាំហើយ ! ហើយខ្ញុំក៏មិនបានដឹងឮរឿងគ្រប់យ៉ាងដែលគាត់កំពុងធ្វើរាល់ថ្ងៃដែរ។ ឈប់ប្រើមនុស្សឲ្យផ្ញើររូបភាពអ្នកមកបញ្ឈឺនាងទៀត» ។ តារាស្រីដែលរមែងជួបរឿងស្នេហាបរាជ័យ នាង មាស សម្ផស្ស បានថ្លែងថា «រឿងមួយទៀត គ្រប់រឿងដែលអ្នកទិញរបស់បង់រំលស់ នៅទីណាក៏ខ្ញុំមិនដឹង សូមកុំយកឈ្មោះខ្ញុំមកប្រើប្រាស់ដើម្បីយក រួចខ្លួនឲ្យសោះ ហើយក៏សូមផ្តាំផ្ញើរទៅបងប្អូនដែលរកស៊ីបញ្ចាំជាមួយនឹងលោក វីលៀម ឲ្យបានជ្រៀបផងដែរ ខ្ញុំសូមបដិសេធថា ខ្ញុំអត់បានដឹងឮរឿងអ្វីទាំងអស់ ។

អ្នកនាង មាស សម្ផស្ស ក៏លើកឡើងទៀតថា «រាល់ថ្ងៃនេះ គេងក៏មិនបានគ្រប់គ្រាន់ ការងាររកពេលសម្រាកគ្មាន ហើយក៏គ្មានពេលទំនេ ខូចចិត្តជាមួយអ្នកដែរ ឈប់ទៅសុំដោយចិត្តស្មោះណា ឈប់ធ្វើបាបខ្ញុំ បន្តទៀតទៅ ខ្ញុំហត់ចិត្តជាមួយលោកខ្លាំងណាស់ ហើយខ្ញុំក៏គ្មានលុយនិងទ្រព្យសម្បត្តិអ្វី បន្តឲ្យអ្នកបោកទៀតដែរ សុំអង្វរណា បើនៅតែបន្តយកឈ្មោះខ្ញុំ មកប្រើប្រាស់ទៀតខ្ញុំនិងធ្វើតាមច្បាប់ ហើយណា លោកWillam»៕