ភ្នំពេញ៖ ពិធីបុណ្យគំរប់ខួប ៧ថ្ងៃ តារាចម្រៀងផលិតកម្មហង្សមាស អ្នកនាង សាន ស្រីឡៃ ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ កូនក្រុមរបស់អ្នកនាង ពេជ្រ សោភា ប្រារព្ធឡើងនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅវត្តទួលទំពូង។ ក្រៅពីវត្តមានចូលរួមរបស់ក្រុមគ្រួសារសាច់ញាតិ ឃើញមានវត្តមានកំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ព្រាប សុវត្តិ, ណុប បាយ៉ារិទ្ធ, ពេជ្រ សោភា, សុខ ពិសី, ថែល ថៃ រួមទាំងតារាចម្រៀង តារាសម្តែង ពិធីករ ពិធីការនី ជាច្រើនរូបទៀត ។

ខណៈតារាសិល្បៈដែលចូលរួមពិធីបុណ្យខួប៧ថ្ងៃ សព នាង សាន ស្រីឡៃ សុទ្ធតែបញ្ចេញមតិដូចៗគ្នាថា “ស្រីឡៃ ជាមនុស្សចូលចិត្តលេងសើចណាស់ នាងមិនចេះប្រកាន់ខឹងអ្នកណាមួយឡើយ ហើយតារាប្រុសស្រីទាំងអស់នាងមានភាពស្និទ្ធស្នាលណាស់” ។ ស្រីឡៃមានលំបាកខ្លាំងទាំងផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ចគ្រួសារ ដោយមុន សាន ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់សម្លាប់ នាងទទួលបន្ទុករាប់រងការចំណាយបង់ថ្លៃសាលាឲ្យកូនប្រុស ២នាក់ និងចិញ្ចឹមម្តាយឈឺ ។

តារានិមួយៗសុទ្ធតែសំណូមពរឲ្យបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេសជួយឧបត្ថម្ភ ដល់គ្រួសារតារាចម្រៀង សាន ស្រីឡៃ។ មកដល់ពេលនេះ កូនប្រុសកំព្រារទាំង ២នាក់ ត្រូវបានសាលាឯកជនមួយបានផ្តល់អាហារូបករណ៍ ១០០ភាគរយ រៀនឥតបង់ថ្លៃរហូតដល់ថ្នាក់ទី១២ ៕