ភ្នំពេញ៖ ចំណងស្នេហ៍ សុខ រក្សា និង កុល ដាវី សំភីតែនិងរបររកស៊ីរីកដូចផ្សិត ភ្លេចគិតថ្ងៃក្រាបផ្ទឹមបំពេញក្រិតប្រពៃណី។ បែរជាថ្មីៗ បុប្ផារីកក្នុងបេះដូង សុខ រក្សា នាង កុល ដាវី រំលេចឲ្យភ្ញាក់ផ្អើលពីតម្រុយ នៃដំណឹងល្អក្នុងចំណងជីវិតគូស្នេហ៍នេះ។ អ្នកនាង កុល ដាវី ដែលបង្ហោះរូបថត បង្ហាញពីដំណើរដើរផ្សារ និងកំពុងឈរមើលរបស់ប្រើប្រាស់សម្រាប់ក្មេងៗនោះ នាងក៏បានភ្ជាប់សារធ្វើឲ្យមានការចាប់អារម្មណ៍ថា “ជួបគ្នាឆាប់ៗណាកូនសម្លាញ់” ។

តែយ៉ាងណាសារបង្ហាញក្តីទន្ទឹងរង់ចាំជួបមុខកូននោះ របស់តារាសម្តែងល្បីខាងសម្ញែងភាពសិចស៊ី កាលពីកន្លះទស្សវត្ស នាង កុល ដាវី ប្រែធ្វើឲ្យមហាជនមានការខកចិត្តមិនតិចនោះដែរ។ ខណៈដែលតារារូបនេះ ក៏បកស្រាយថា «នោះគ្រាន់តែជាការស្រមើស្រម៉ៃរបស់នាង ព្រោះនាងស្រលាញ់ក្មេងៗពេក ហើយនាងក៏ចង់បានកូននឹងគេទុកគ្រាន់ប្រលែងលេងកែការអផ្សុកដែរ ។

កន្លងមកក៏ធ្លាប់មានព័ត៌មានលេចឮថា កុល ដាវី មានផ្ទៃពោះ ប៉ុន្តែរឿងនោះ ត្រូវស្ងាត់រលត់ទៅវិញ បន្ទាប់ពីដឹងច្បាស់ពីការពិតថា គ្រាន់តែជាការចំអន់លេងសើចពីសំណាក់មិត្តភក្ររបស់នាងតែប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ នាង កុល ដាវី ក៏បកស្រាយផងដែរ ពីទិដ្ឋភាពនាងដើរផ្សារទិញខោអាវទារកនោះ។ ដោយនាងប្រាប់ថា «គឺខ្ញុំទិញជូនកូនរបស់មិត្តភក្រខ្ញុំទេ »៕