ភ្នំពេញ៖ រលឹកទៅដល់រឿងខ្មោចដែលល្បីជិត ២ ទសវត្ស រឿង “ខ្មោចដើមចេកជ្វា” ដែលនិពន្ធ និងដឹក​នាំ​សម្តែង​ដោយ ហ៊ុយ យ៉ាឡេង ហើយលោកក៏ធ្លាប់បាន ដឹកនាំរឿង “វិកលចរិត” ទទួលបាន​ជោគជ័យលក្ខណៈ​អន្តរជាតិ ដែលធ្វើឲ្យអ្នកទស្សនាកោតសរសើរថាជាអ្នកនិពន្ធដ៏ឆ្នើមនៅក្នុងប្រទេសកម្ពុជា។

តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ថ្មីៗនេះ ម្ចាស់ស្នាដៃរឿង “ខ្មោចដើមចេកជ្វា” រូបនេះ បានចាប់ដៃគូជា​មួយ​លោក លោក ស្វាយ លីម៉េង និពន្ធជាប្រភេទរឿងអាភិនីហារ ឈ្មោះរឿង “ធ្មប់” ហើយមានតួអង្គសំខាន់ៗ ដូចជា កញ្ញា ហ៊ិន ចាន់នីរ័ត្ន សម្ដែងជាតួនាង លក្ខ ប្រពន្ធសេដ្ឋី លោក លឹម រដ្ឋា សម្ដែងជាតួអង្គ ទេពពង្ស និងរូបលោកផ្ទាល់សម្ដែងជា រាជ (សេដ្ឋី) ។

តាមរយៈការបង្ហោះរឿង ធ្មប់ ជាវីដេអូ Trailer លើផេកផលិតកម្ម មាតុចក្រ ពិតជាព្រឺរោម ភ័យរន្ធត់ នឹងឈុត​ឆាក​ដ៏ខ្លីនេះ ហើយខណៈពេលនេះទស្សនិកជនកំពុង តែឆ្ងល់ថា “តើក្នុងសាច់រឿងលងបន្លាចកម្រិតណា?” គួរបញ្ជាក់ផងដែរថា រឿង “ធ្មប់” នេះបានចំណាយទុនអស់ច្រើនជាង 5 ម៉ឺនដុល្លារហើយ ដោយបានសហ​ការ​ជា​​មួយផលិតករក្នុងស្រុក និងវិនិយោគិនដែលស្រឡាញ់ការផលិតភាពយន្ដ បានចូលរួមជាដៃគូផលិតផងដែរ៕