ភ្នំពេញ៖ ថ្មីៗនេះ អ្នកគាំទ្រកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះសារទម្លាយធាតុពិតរបស់ សុគន្ធកញ្ញាឲ្យមហាជនជាច្រើន បានដឹងកាន់តែច្បាស់ថែមទៀតនូវចរិតលក្ខណៈរបស់តារារូបនេះថា “បងស្រី ឱក សុគន្ធកញ្ញា ទំរាំតែគាត់ជោគជ័យ មកដល់សព្វថ្ងៃ គឺគាត់ត្រូវជួបឧបសគ្គជាច្រើន ហើយគាត់ក៏ជួបរឿងបរាជ័យជាច្រើនដង តែគាត់ខិតខំប្រឹងប្រែងតស៊ូ តតាំងជាមួយនឹងឧបសគ្គទាំងឡាយ មិនថាមានអ្នក ចង់ប្រកួតប្រជែង និយាយនេះ និយាយនោះ បង្កាច់បង្ខូចឈ្មោះគាត់យ៉ាងណានោះទេ ក៏នៅតែមិនអាចផ្ដួលគាត់បានឡើយ ព្រោះគាត់មានសមត្ថភាពពិតប្រាកដ បូករួមទាំងអត្តចរិតល្អ ការរៀបចំខ្លួន នឹងស្លៀកពាក់បែបសមរម្យនិងថ្លៃថ្នូរ ហើយការនិយាយស្ដីចេះគោរពអ្នកដទៃទៀត” ។
ការហែលឆ្លងកាត់ព្យុះភ្លៀងរយលានឧបសគ្គរបស់ ឱក សុគន្ធកញ្ញា បានធ្វើកញ្ញាទទួលបានជោគជ័យដ៏ធំធេង ដោយមានឈ្មោះបោះសំឡេងលើវិថីសិល្បៈជាច្រើនឆ្នាំ និងមានអ្នកគាំទ្រគ្រប់ទិសទី ។ តារាចម្រៀងសម្តីម៉ឺងម៉ាត់រូបនេះ តែងតែមានមុខមាត់ក្នុងកម្មវិធីប្រគុំតន្ត្រីធំៗ ជាពិសេសមានវត្តមានជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនដូចជា The Voice Cambodia, Cambodia Idol និង The Voice Kids ជាដើម ។ ជាងនេះទៅទៀតតារាចម្រៀងមានចរិកគួរឲ្យគោរព ឱក សុគន្ធកញ្ញា តែងតែផ្តាំផ្ញើដល់ប្អូនៗ មិត្តអ្នកគាំទ្រគាត់ទាំងអស់ អោយខិតខំប្រឹងប្រែងរៀនសូត្រ អោយក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងយុវជនល្អនៅក្នុងសង្គមជាតិទៀតផង ៕
