ភ្នំពេញ៖ រាជនីសម្រស់កម្ពុជាចំនួន ៤ដួង កំពុងតែត្រៀមខ្លួនប្រកួតក្នុងកម្មវិធីសម្រស់លំដាប់ថ្នាក់អន្តរជាតិធំៗ ដើម្បីដណ្តើមម្កុដក្នុងកម្មវិធីផ្សេងៗ នៅបណ្តាប្រទេសលើសកលលោក ។ ព្រមនឹងការសាទរចង់ឃើញរាជនីសម្រស់ខ្មែរ គ្រងម្កុដ។ ប៉ុន្តែលោកអ្នកគាំទ្រទំនងមិនទាន់បានដឹងពីតម្លៃម្តុដស្ថិតលើកម្រិតតម្លៃមហាសាលណានោះទេ ។ ដូចនេះ តារាញូស៍នឹងបកស្រាយចម្ងល់ជូន៖

១៖ ការប្រកួតប្រជែង Miss Grand អន្តរជាតិ ដែលកំពុងដំណើរការប្រកួត នៅលើដែនកោះអតីតមរតកធម្មជាតិកម្ពុជា (កោះត្រល់) ដែលវត្តមានកញ្ញា ខ្លឹម ស្រីគា តំណាងប្រទេសកម្ពុជា ហើយកំពុងមានប្រៀបខ្លាំង លើដៃគូប្រកួទាំង ២៥រូប ។ ម្កុដ Miss Grand អន្តរជាតិនេះ មានតម្លៃ ៣សែនដុល្លារ ផលិតពីមាសសុទ្ធ។

២៖ ការប្រកួតបវរកញ្ញាចក្រវាល នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនៅខែធ្នូខាងមុខ ក្នុងបេក្ខភាពរាជនីសម្រស់តំណាងជាតិសាសន៍កម្ពុជា កញ្ញា ប៊ី សុធារី ។ ដែលគណនាតម្លៃ ម្កុដតម្លៃ ផលិតពីគ្រីស្តាល់ និងត្បូងពេជ្រ មានតម្លៃស្មើគ្នានិងតម្លៃបវរកញ្ញា Miss Grand ដែរ ។

៣៖ បវរកញ្ញាភពផែនដី ដែលនឹងប្រព្រឹត្តឡើងខែវិច្ឆិកាក្នុងឆ្នាំ២០១៧នេះដែរ នៅប្រទេសហ្វីលីពីន ដែលមានវត្តមានតំណាងប្រទេសកម្ពុជា កញ្ញា អែម គុណថង ក្នុងតម្លៃម្កុដ ៩សែននិង២ម៉ឺនដុល្លារ ផលិតពីត្បូងពេជ្រ ត្បូងកណ្តៀង ត្បូងទទឹម មាស ប្រាក់ និងគ្រីស្តាល់ ។

៤៖ ក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០១៧នេះដែរ ប្រកួតក្នុងកម្មវិធី “បវរកញ្ញាអន្តរជាតិ” នៅប្រទេសជប៉ុន ក៏មានវត្តមានរាជនីសម្រស់មួយដួង កញ្ញា ញាត សុភា ត្រូវដណ្តើមឱកាសគ្រងម្កុដ ដែលមានតម្លៃ ៥សែន៥ម៉ឺនដុល្លារ ផលិតពីត្បូងពេជ្រ ត្បូងគុជខ្យង មាស និង ប្រាក់ ។ ដូច្នេះសូមរង់ចាំទស្សនា បវរកញ្ញាកម្ពុជារូបណាខ្លះ អាចឈ្នះការប្រគួតនាំមុខមាត់ឲ្យកម្ពុជា និងជាម្ចាស់មកុដដ៏មហាសាលនេះ ។