ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃទី២៤ ខែតុលា នេះ អតីត​តារា​​ចម្រៀង អ្នកស្រី អ៊ុំ គន្ធា ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវដោះលែងវិញ ក្រោយមានករណី​ផ្ទុះ​ព័ត៌​កក្រើក​ពេញបណ្តាញ​សង្គម​ថាអ្នកស្រី អ៊ុំ គន្ធា ត្រូវ​បាន​កង​កម្លាំង​អាវុធ​ហត្ថ នៃ​គណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌ​ឬស្សី​កែវ ធ្វើ​ការ​ឃាត់​ខ្លួន និង​នាំយក​ទៅធ្វើការ​សាក​សួរ​នាំ ពាក់​ព័ន្ធ​នឹង​ករណីសេព​គ្រឿង​ញៀន ។ នាយប់ថ្ងៃដដែលលោក ហេង ឡុង ប្រធាន​សមាគមមិត្ត​សិល្បៈ​ស្ម័គ្រ​​ចិត្ត​​ជួយ​សង្គម បាន​ចុះជួប​សួរ​នាំ​ពីមូលហេតុ​ពិត​នៃ​ការ​ឃាត់​ខ្លួន​នេះ អ្នកស្រី អ៊ុំ គន្ធា បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​​យំអណ្តឺត​អណ្តក់​ថា ដំបូង​ឡើយ នាយប់​មុនថ្ងៃ​កើត​ហេតុ​ អ្នក​ស្រីកំពុង​ផឹក​ស្រា​នៅ​ផ្ទះ ហើយ​កូន​របស់​អ្នក​ស្រី​មិន​ពេញ​ចិត្ត​យក​ស្រា​នោះ​ទៅចាក់​ចោល អ្នក​ស្រី​ខឹ​ង រួច​​ដើរ​ចេញមក​ក្រៅ​ផ្ទះ​ជួប​នឹង​អ្នក​រើស​អេត​ចាយ​ម្នាក់​ ដោយ​និយាយ​ត្រូវ​រ៉ូវ​គ្នា អ្នក​រើស​អេត​ចាយ​ក៏​បបួល​អ្នកស្រី​ទៅផឹ​ក​ស្រា​នៅ​ផ្ទះ​​របស់​គេ ស្រាប់​តែព្រឹក​ឡើង​​អ្នក​ស្រីបាន​ឮសំឡេង​នៅខាង​លើ​ផ្ទះ ប៉ុន្តែ​ក៏​មិន​ដឹង​ថាមាន​កង​កម្លាំង​អាវុធ​ហត្ថ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​ដែរ បន្ទាប់​មក​គេក៏​បាន​ចាប់​ឃាត់​ខ្លួន​ដោយ​ទាំង​អ្នក​ស្រី​តែម្តង​ទៅ ។ 

អតីត​តារា​ចម្រៀង​រូប​នេះ រៀប​រាប់​បន្ថែម​ទៀត​ថា អ្នក​ស្រីចង់​ផឹក​ស្រា​ដោយ​សារ​តែអ្ន​ក​ស្រី​ស្ត្រេស​ខ្លាំង​ព្រោះ​គ្មាន​ការ​ងារ​ធ្វើ និង​ផឹក​ស្រាទៅ​ស្ពឹក​មិន​សូវ​ឈឺ​ឆ្អឹង​ខ្នង ព្រោះ​អ្នក​ស្រីមាន​ជម្ងឺ​ឈឺ​ឆ្អឹង​ខ្នង​ជា​ប្រចាំយូរ​ណា​មក​ហើយ ។ បើ​តាម​សម្តី​របស់​សមត្ថ​កិច្ច​ខណ្ឌ​ឫស្សីកែវ​បាន​បញ្ជាក់​ប្រាប់ លោក ហេង ឡុង ថា “អ្នកស្រី អ៊ុំ គន្ធា មិន​ជាប់​ពាក់​ព័ន្ធនឹង​ករណីប្រើប្រាស់​គ្រឿង​ញៀន​នោះទេ កាល​ដែល​ចាប់ឃាត់ខ្លួន​នោះ ដោយ​សារ​តែ​វត្ត​មាន​អ្នក​ស្រី​នៅក្បែរ​នោះ ក៏​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ តែពេល​សាក​សួរ​ដឹង​ថា មិន​ជាប់​ពាក់​ព័ន្ធ​ សមត្ថកិច្ច​បាន​ដោះ​លែង​វិញ” ៕

សូមទស្សនាវីដេអូ!!