អាជ្ញាធរទីក្រុងហូជីមីញ នៃប្រទេសវៀតណាម បានពិន័យដល់ក្រុមហ៊ុនរៀបចំការប្រកួតបវរកញ្ញាចក្រវាលវៀតណាម(Miss Universe Vietnam) ចំនួន៧០លានដុង ឬស្មើនិង($2,990)ដុល្លារអាមេរិក ដោយសារកម្មវិធីនេះបានអនុញាតិអោយគណៈកម្មាការម្នាក់នៅក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហមពាក់អាវផាយយ៉ាងស្តើងដែលអាចមើលឃើញដល់ដើមទ្រូងរបស់នាង។
ក្រុមហ៊ុន Saigon Universe Joint Stock Company ដែលជាក្រុមហ៊ុនរៀបចំការប្រកួតបវរកញ្ញាចក្រវាលវៀតណាម(Miss Universe Vietnam) ត្រូវអាជ្ញាធរទីក្រុងហូជីមិញ ដាក់ទទួលពិន័យពាក់ព័ន្ធនិងការរៀបចំការប្រកួតបវរកញ្ញានិងតារាបង្ហាញម៉ូត ប្រើប្រាស់សំលៀកបំពាក់ ពាក្យសំដី សំឡេង រូបភាព ចលនា មធ្យោបាយនៃការបញ្ចេញមតិ និងទម្រង់នៃការសម្តែង ដែលផ្ទុយទៅនិងប្រពៃណីនិងទំនៀមទំលាប់ជាតិរបស់ប្រទេសវៀតណាម។
ជាមួយគ្នា ក្រុមហ៊ុននេះ ក៏ត្រូវបានហាមឃាត់មិនអោយ រៀបចំកម្មវិធីប្រកួតបវរកញ្ញានិងបង្ហាញម៉ូតផងដែរ សម្រាប់រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី១៩កក្កដា។ អាជ្ញាធរវៀតណាមបានលើកឡើងថា តំណាងក្រុមហ៊ុនបានបង់ប្រាក់ពិន័យ និងបានទទួលស្គាល់កំហុស និងបានសន្យាមិនអោយរឿងហេតុនេះកើតឡើងសារជាថ្មីឡើយ។
ក្រុមហ៊ុន Saigon Universe Joint Stock Company បានរៀបចំប្រលងបវរកញ្ញាMiss Universe Vietnam ឆ្នាំ 2022 នៅថ្ងៃ២៥មិថុនា និងមានការចូលរួមពីកំពូលតារាបង្ហាញម៉ូតវៀតណាម នាង Vu Nguyen Ha Anh។ តារាបង្ហាញម៉ូតរូបនេះបានពាក់អាវផាយដែលជាអាវប្រពៃណីវៀតណាមនោះស្តើងបំផុត។ អាវផាយដែលតារាបង្ហាញម៉ូតរូបនេះពាក់ជាអាវស្តើងបំផុតរហូតមើលឃើញប្រដាប់បិទសុដន់នៅពេលថតពេលប្រើភ្លើងកាំមេរ៉ា។
ក្រោយមកនាង Ha Anh បានចេញសុំទោសតាមបណ្តាញសង្គមអនឡាញផ្ទាល់ខ្លួនរបស់ នាង។ នាងនិយាយថា នាងសោកស្តាយនិងខ្មាស់អៀនដែលរូបភាពត្រូវបានបង្ហាញជាសាធារណៈ។«ប្រសិនបើនាងបានដឹងពីបញ្ហានេះ នាងនឹងមិនអោយរឿងហេតុកើតឡើងឡើយ។ នាងនឹងប្រយ័ត្នបន្ថែមទៀតនៅពេលក្រោយ»។ អ្នកឌីហ្សាញអាវផាយស្តើងអោយតារាបង្ហាញម៉ូតវៀតណាមនាង Ha Anh ក៏បានចេញការសុំទោសទៅមហាជនផងដែរ និងបាននិយាយថា ក្រុមការងារឌីហ្សាញមិនបានប្រយ័ត្នគិតដល់ពេលប្រើភ្លើងកាំមេរ៉ានៅពេលថត។
នាង Ha Anh អាយុ៤០ឆ្នាំ ជាបេក្ខភាព១០នាក់ចុងក្រោយក្នុងកម្មវិធីបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ២០០៨ (Miss Universe Vietnam 2008 )និងជាលំដាប់រងទី២ក្នុងកម្មវិធីបវរកញ្ញា Miss Vietnam Global ឆ្នាំ២០០៨។ នាងក៏ជាគណៈកម្មាការម្នាក់ក្នុងការប្រកួតបវរកញ្ញាចក្រវាលវៀតណាម Miss Universe Vietnam ឆ្នា២០២២ផងដែរ៕