ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០
ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ ដែលនេះគឺជាការបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលដ៏អស្ចារ្យនេះ បានប្រមូលផ្ដុំនូវកំណត់ត្រាដ៏លេចធ្លោនៃការទទួលស្គាល់គុណភាពអន្តរជាតិ រួមមានមេដាយមាស ពានរង្វាន់ពេជ្រ និងពានរង្វាន់ដ៏មានកិត្យានុភាព Prize of the Jury ដែលទទួលបានតាមរយៈការវាយតម្លៃដោយឯករាជ្យពីសំណាក់អ្នកជំនាញអន្តរជាតិ។ លើសពីមេដាយកិត្តិយសទាំង ១០០ សមិទ្ធផលដ៏អស្ចារ្យនេះបង្ហាញថា ភេសជ្ជៈផលិតក្នុងប្រទេសកម្ពុជាអាចឈរឈ្មោះទន្ទឹមនឹងផលិតផលល្អៗបំផុតលើពិភពលោក និងទទួលបានការកោតសរសើរនៅកម្រិតកំពូលពីអន្តរជាតិ។
មេដាយកិត្តិយសអន្តរជាតិចំនួនមួយរយ មិនមែនកើតចេញក្នុងពេលតែមួយនោះទេ ប៉ុន្តែវាជាលទ្ធផលនៃមហិច្ឆតា ការវិនិយោគ ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីឈានទៅរកភាពឥតខ្ចោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ឧត្តមភាព តាមរយៈការរចនា
ចាប់តាំងពីដើមមក ក្រុមហ៊ុន វឌ្ឍនៈ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនជ្រើសរើសយកកត្តាគុណភាព ជាកត្តាប្រកួតប្រជែង។ ការសម្រេចចិត្តនោះបានកំណត់លើរាល់ការវិនិយោគដែលបានធ្វើឡើងចាប់តាំងពីពេលនោះមក រួមមាន ការជ្រើសរើសគ្រឿងផ្សំ និងវត្ថុធាតុដើមកម្រិតខ្ពស់ បច្ចេកវិទ្យាផលិតកម្មទំនើប មន្ទីរពិសោធន៍ទំនើប ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ជាអន្តរជាតិ ការច្នៃប្រឌិតផលិតផលថ្មីៗ និងការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពខ្ពស់។
សរុបមករាល់ការវិនិយោគទាំងនេះបម្រើគោលបំណងតែមួយគឺ៖ ការផ្ដល់ជូននូវគុណភាពដ៏ពិសេសជានិច្ច និងការបង្កើតផលិតផលដែលអតិថិជនអាចជឿទុកចិត្ត។ មេដាយកិត្តិយសអន្តរជាតិទាំង ១០០ នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងពង្រឹងទំនួលខុសត្រូវក្នុងការរក្សាស្តង់ដារ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកនៃក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានមានប្រសាសន៍ថា៖ “នេះគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់ក្នុងការទទួលបានពានអន្តរជាតិចំនួន ១០០។ នៅពេលដែលយើងទទួលបានការទទួលស្គាល់អន្តរជាតិលើកដំបូង វាបានពង្រឹងជំនឿចិត្តរបស់យើងថា ផលិតផលដែលផលិតនៅប្រទេសកម្ពុជាអាចប្រកួតប្រជែងលើឆាកអន្តរជាតិលើផ្នែកគុណភាព។ ថ្ងៃនេះ ក្រោយពីទទួលបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ជំនឿនោះបានក្លាយការពិតដ៏អស្ចារ្យមួយ។ យើងខ្ញុំមើលឃើញថា សមិទ្ធផលនេះមិនត្រឹមតែជាមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាអំណរគុណយ៉ាងក្រៃលែងចំពោះអ្នកទាំងអស់គ្នាផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើង ដែលបានលះបង់ និងការខិតខំប្រឹងប្រែងស្វែងរកឧត្តមភាពដែលបានធ្វើឱ្យសមិទ្ធផលនេះអាចកើតឡើងទៅបាន អរគុណដល់ដៃគូអាជីវកម្មរបស់យើងដែលបានគាំទ្រ និងរីកចម្រើនជាមួយគ្នា និងអរគុណដល់អតិថិជន ដែលបានជឿទុកចិត្តលើផលិតផលរបស់យើង ហើយទាំងនេះគឺជាមូលហេតុធ្វើឱ្យយើងបន្តប្រឈមមុខនឹងបញ្ហានានា ដើម្បីយើងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
មេដាយកិត្តិយសទាំង ១០០ នេះ គឺជាការទទួលស្គាល់ដ៏គួរឱ្យមានមោទនភាពចំពោះអ្វីដែលយើងសម្រេចបាន ប៉ុន្តែសំខាន់ជាងនេះទៅទៀត កិត្តិយសនេះបានបំផុសគំនិតយើងឱ្យយើងខ្ញុំបន្តការលើកកម្ពស់ស្តង់ដារ និងស្វែងរកឧត្តមភាពកាន់តែខ្លាំងថែមទៀត។
មហិច្ឆតាដ៏ធំបំផុតរបស់យើង គឺមិនមែនចង់ឱ្យគេចងចាំថាយើងឈ្នះពានរង្វាន់ប៉ុន្មាននោះទេ។ មហិច្ឆតារបស់យើងគឺការបង្កើតផលិតផល និងម៉ាកយីហោដែលបង្កើតមោទនភាពឱ្យប្រទេសកម្ពុជាយើង និងរួមចំណែកឆ្ពោះទៅរកអនាគតមួយដែលពាក្យថា ‘ផលិតនៅកម្ពុជា’ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ថានោះជាសញ្ញាសម្គាល់នៃគុណភាព ឧត្តមភាព និងទំនុកចិត្ត។”
ពីប្រទេសកម្ពុជាទៅកាន់ពិភពលោក
សមិទ្ធផលនេះមិនមែនមានសារៈសំខាន់សម្រាប់តែក្រុមហ៊ុន វឌ្ឍនៈ ប៉ុណ្ណោះទេ វាថែមទាំងបានបង្កើននូវទំនុកចិត្ត និងសមត្ថភាពរបស់សហគ្រាសក្នុងប្រទេសកម្ពុជា និងអ្វីដែលប្រទេសកម្ពុជាអាចសម្រេចបាន ពេលដែលយើងមានមហិច្ឆតា រួមជាមួយការវិនិយោគ ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តដ៏មុតមាំចំពោះគុណភាព។
ហេតុដូច្នេះហើយ បានជាមេដាយកិត្តិយសអន្តរជាតិទាំង ១០០ នេះ គឺជាការអបអរសាទរចំពោះដំណើរដ៏វែងឆ្ងាយដែលក្រុមហ៊ុន វឌ្ឍនៈ សម្រេចបាន និងជាការបំផុសស្មារតីដើម្បីក្រុមហ៊ុនបន្តដំណើរទៅមុខទៀត ដាក់គោលដៅឱ្យខ្ពស់ជាងមុន និងបន្តបង្កើតម៉ាកយីហោកម្ពុជាដែលទទួលបានទំនុកចិត្តពីអតិថិជនក្នុងស្រុក និងការគោរពនៅលើឆាកអន្តរជាតិ។
ចាប់តាំងពីការទទួលស្គាល់អន្តរជាតិលើកដំបូងរហូតដល់លើកទី ១០០ គោលការណ៍តែមួយរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលមិនធ្លាប់ផ្លាស់ប្តូរនោះគឺ ៖ “គុណភាពជាចម្បង គ្មានការសម្របសម្រួល”។