ក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ខណៈដំណឹងនេះបានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេសរំភើបចិត្តគ្រប់គ្នា ក្នុងគេក៏ឃើញ តារាសម្តែង ដែលមានរហ័សនាម រាជនីក្រមា កញ្ញា មាន សូនីតា ក៏បានប្តេជ្ញាចិត្តថា និង ថែរក្សា និងការពារ ក្រមាខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្សផងដែរ។
ពិតណាស់កាលម្សិលមិញនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសថា “ អបអរសាទរការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
តាមរយៈដំណឹងដ៏រីករាយនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូរការ នៅរាត្រីថ្ងៃទី០៤ ខែធ្នូ ជាមួយនិងអបអរសាទរ ដែលក្រមាខ្មែរត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ ជាមួយគ្នានោះសម្ដេចអតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិអន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សាការពារ និងលើកតម្កើងគុណតម្លៃ ក្រមា ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតទៅទៀត។
ដោយឡែកងាកមក រាជនីក្រមា កញ្ញា មាន សូនីតា ក៏បានបង្ហោះសារអបអរសាទរ ទាំងក្តីរំភើបថា ៖ “នាងខ្ញុំ មាន សូនីតា រាជនីក្រមា ពិតជាមានសេចក្ដីសោមនស្សឥតឧបមាចំពោះការដាក់ ក្រមាខ្មែរ បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុងសាធារណរដ្ឋប៉ារ៉ាហ្គាយ ដែលនេះជាក្ដីសង្ឃឹម និងក្ដីស្រមៃរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់”។
ជាមួយគ្នានោះកញ្ញា មាន សូនីតា ក៏បានបន្ថែមទៀតថា ៖ “នាងខ្ញុំ និងកូនខ្មែរគ្រប់រូបសូមប្ដេជ្ញាថែរក្សា និងការពារ ក្រមាខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្ស មិនតែប៉ុណ្ណោះនាងខ្ញុំនឹងបន្តអភិវឌ្ឍ រចនា និងច្នៃលម្អ ឥតឈប់ឈរសម្រាប់កូនខ្មែរជំនាន់ក្រោយ”៕