រាជនីក្រមា មាន សូនីតា រំភើបខ្លាំង​ ក្រោយ «ក្រមាខ្មែរ» ​ត្រូវបានដាក់​ក្នុងបញ្ជីតំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃមនុស្សជាតិ​របស់​អង្គការ​យូណេស្កូ និង ប្តេជ្ញាការពារឲ្យគង់វង្ស

ក្រមា​ខ្មែរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នា​កិច្ចប្រជុំ​លើក​ទី​១៩ របស់​គណៈ​ក​ម្មា​ការ​អន្តររដ្ឋាភិបាល ដើម្បី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ នា​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​អា​សង់​ស្យុ​ង សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ ខណៈដំណឹងនេះបានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេសរំភើបចិត្តគ្រប់គ្នា ក្នុងគេក៏ឃើញ តារាសម្តែង ដែលមានរហ័សនាម រាជនីក្រមា កញ្ញា មាន សូនីតា ក៏បានប្តេជ្ញាចិត្តថា និង ថែរក្សា និងការពារ ក្រមាខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្សផងដែរ។

ពិតណាស់កាលម្សិលមិញនេះ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសថា “ អបអរសាទរការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

តាមរយៈដំណឹងដ៏រីករាយនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូរការ នៅរាត្រីថ្ងៃទី០៤ ខែធ្នូ ជាមួយនិងអបអរសាទរ ដែលក្រមាខ្មែរត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ ជាមួយគ្នានោះសម្ដេចអតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិអន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សាការពារ និងលើកតម្កើងគុណតម្លៃ ក្រមា ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតទៅទៀត។

ដោយឡែកងាកមក រាជនីក្រមា កញ្ញា មាន សូនីតា ក៏បានបង្ហោះសារអបអរសាទរ ទាំងក្តីរំភើបថា ៖ “នាងខ្ញុំ មាន សូនីតា រាជនីក្រមា  ពិតជាមានសេចក្ដីសោមនស្សឥតឧបមាចំពោះការដាក់ ក្រមាខ្មែរ បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុងសាធារណរដ្ឋប៉ារ៉ាហ្គាយ ដែលនេះជាក្ដីសង្ឃឹម និងក្ដីស្រមៃរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់”។

ជាមួយគ្នានោះកញ្ញា មាន សូនីតា ក៏បានបន្ថែមទៀតថា ៖ “នាងខ្ញុំ និងកូនខ្មែរគ្រប់រូបសូមប្ដេជ្ញាថែរក្សា និងការពារ ក្រមាខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្ស មិនតែប៉ុណ្ណោះនាងខ្ញុំនឹងបន្តអភិវឌ្ឍ រចនា និងច្នៃលម្អ ឥតឈប់ឈរសម្រាប់កូនខ្មែរជំនាន់ក្រោយ”៕

 

Leave a Reply

Your email address will not be published. Required fields are marked *